ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងរ៉ែ​ ចេញ​សេចក្ដីប្រកាសព័ត៌មាន អំពីយុទ្ធនាការបង្ក្រាបអាជីវកម្មរ៉ែមាសអនាធិបតេយ្យ ស្ថិតនៅភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ

ចែករំលែក៖

ខេត្ត​ត្បូង​ឃ្មុំ​៖​ ក្រសួងរ៉ែនិងថាមពល មានកិត្តិយសសូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤នេះ ក្រសួងរ៉ែនិងថាមពល ដែលមានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំជាសេនាធិការ ដោយ មានកិច្ចសហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ ក្រោមកិច្ចសម្របសម្រួលរបស់ស្ថាប័នអយ្យការខេត្តត្បូងឃ្មុំ បានបើកប្រតិបត្តិការដោះស្រាយទ្រង់ទ្រាយធំនៅលើទីតាំងអាជីវកម្មរ៉ែមាសអនាធិតេយ្យស្ថិតនៅក្នុងភូមិ សំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងតំបន់ភូមិសំពៅលូន ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំនេះ គឺជាតំបន់អាជីវកម្មរ៉ែមាស បែបលក្ខណៈគ្រួសារតាំងពីអំឡុងឆ្នាំ១៩៩០ ដែលមានប្រជាពលរដ្ឋមូលដ្ឋានប្រកបរបរជីកយកនិងវែងមាស ដោយដៃតាមលក្ខណៈគ្រួសារ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មានការប្រែប្រួលពីលក្ខណៈគ្រួសារ ដែលធ្វើ ដោយដៃនិងឧបករណ៏សាមញ្ញ ទៅជាប្រើគ្រឿងចក្រ រំសេវជាតិផ្ទុះ និងសារធាតុគីមី ដោយកន្លែងខ្លះមាន ជីករូងជាអណ្តូងរ៉ែក្រោមដី។ បន្ទាប់ពីមើលឃើញអំពីបញ្ហាប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាព សុខភាព និង បរិស្ថាន ក្រសួងរ៉ែនិងថាមពល ដោយមានមន្ទីររ៉ែនិងថាមពលខេត្តត្បូងឃ្មុំសហការជាមួយអាជ្ញាធរដែនដី បានចុះអប់រំផ្សព្វផ្សាយជាច្រើនដង និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះសកម្មភាពជីកយករ៉ែអនាធិបតេយ្យ នៅតំបន់ខាងលើជាបន្តបន្ទាប់។ 

ជាក់ស្តែង នៅអំឡុងខែកញ្ញា ឆ្នាំ២០២១ និងខែវិច្ឆិកា ឆ្នាំ២០២៣ រដ្ឋបាល ខេត្តត្បូងឃ្មុំបានបង្កើតជាក្រុមការងារចម្រុះថ្នាក់ខេត្តចុះអនុវត្តនូវវិធានការផ្សព្វផ្សាយទិដ្ឋភាពច្បាប់ដល់ ប្រជាពលរដ្ឋ និងធ្វើការបិទទីតាំងរ៉ែមាសអនាធិបតេយ្យទ្រង់ទ្រាយធំមួយចំនួន ក្រោមការបញ្ជារបស់ព្រះរាជអាជ្ញា រងអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ប៉ុន្តែការបង្ក្រាបទីតាំងអាជីវកម្មរ៉ែអនាធិបតេយ្យនៅតំបន់នេះនាពេលកន្លង មក ប្រៀបដូចជាការវែកចកដូច្នោះដែរ។ ជាក់ស្តែង នាពេលបច្ចុប្បន្នសកម្មភាពអាជីវកម្មរ៉ែមាសអនាធិបតេយ្យ នៅតំបន់នេះនៅតែកើតមាន ថែមទាំងមានការប្រើប្រាស់ឧបករណ៍ទំនើបៗ សារធាតុគីមី រំសេវជាតិផ្ទុះ បំបែកថ្ម និងជីកលុងអណ្តូងរ៉ែក្រោមដីប្រកបដោយគ្រោះថ្នាក់បំផុត។ សកម្មភាពអាជីវកម្មអនាធិបតេយ្យនេះ កំពុងបង្កឱ្យមានការបាត់បង់ទ្រព្យសម្បត្តិ និងចំណូលជាតិ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាន បង្កជាហានិភ័យ ខ្ពស់ដល់សុខភាព និងសុវត្ថិភាពរបស់អ្នកធ្វើអាជីវកម្មរ៉ែអនាធិបតេយ្យខ្លួនឯង ព្រមទាំងប្រជាពលរដ្ឋនៅក្នុង និងក្រៅមូលដ្ឋាន។

ក្រសួងរ៉ែនិងថាមពលប្ដេជ្ញាបញ្ចប់នូវសកម្មភាពរ៉ែអនាធិបតេយ្យ និងជំរុញឱ្យមានការធ្វើអាជីវកម្មរ៉ែ ដោយស្របច្បាប់ដែលនាំមកនូវផលប្រយោជន៍ជាតិជាច្រើនមានជាអាទិ៍ ការបង្កើតឱ្យមានឱកាសការងារនៅ នឹងកន្លែងនិងប្រយោល ការចូលរួមចំណែកដល់ការបង្កើតប្រភពចំណូលថវិកាជាតិបន្ថែម និងការបំបាត់នូវផល ប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិងសង្គម ព្រមទាំងចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍មូលដ្ឋានតាមរយៈការធ្វើ អាជីវកម្មរ៉ែប្រកបដោយចីរភាព ដោយមានការគាំទ្រនិងការការពារពីច្បាប់។ ក្នុងន័យនេះ ក្រសួងរ៉ែនិងថាមពល សូមថ្លែងអំណរគុណចំពោះសមត្ថកិច្ចពាក់ព័ន្ធ ដែលបានចូលរួមយន្តការលើកមុនៗ និងលើកនេះប្រកបដោយ ជោគជ័យ ហើយសូមថ្លែងអំណរគុណចំពោះបងប្អូនប្រជាជលរដ្ឋពាក់ព័ន្ធ ដែលបានចូលរួមសហការ។

ឆ្លៀតឱកាសនេះ ក្រសួងរ៉ែនិងថាមពលសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើ អាជីវកម្មរ៉ែមាសអនាធិបតេយ្យ បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងនេះ ហើយចូលរួមទប់ស្កាត់ដោយ ធ្វើការជូនដំណឹងអំពីសកម្មភាពរ៉ែអនាធិបតេយ្យមកក្រសួងរ៉ែនិងថាមពល តាមរយៈប្រព័ន្ធទូរស័ព្ទលេខ ០៩៥ ៧២៧ ៧២៧ ។​ អាស្រ័យហេតុនេះ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕

ដោយ​៖ តារា​


ចែករំលែក៖