ខេត្តស្វាយរៀង៖ សមត្ថកិច្ចបញ្ជូន ជនសង្ស័យជនជាតិចិន តៃវ៉ាន់ ៥នាក់មកតុលាការ ករណីជួញដូរ រក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត ។
យោងតាម លោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអោយដឹងនារសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២៤នេះថា អនុវត្តតាម បទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោក ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ខាំ សុផារី ព្រះរាជអាជ្ញា លោក ហួត វិចិត្រ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៥-០៦ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង៨និង៣០នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធ គ្រាប់រំសេវដោយគ្មានការអនុញ្ញាតិនៅចំណុចអាគារជួលស្នាក់នៅស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
ប្រភពបន្តថាជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន០៥ នាក់(ជនជាតិចិនតៃវ៉ាន់) និងចាប់យកវត្ថុតាងសម្ភារ:រួមមាន៖
-ថ្នាំញៀនប្រភេទកេតាមីន ចំនួន១៥កញ្ចប់ ទម្ងន់ ២២៤៥,០៦ក្រាម(២គីឡូ២៤៥,០៦ក្រាម)
-ថ្នាំញៀនគ្រាប់ប្រភេទអុិចស្តាសុី ទម្ងន់ ៣៩,០១ក្រាម
-ជញ្ជីងថ្លឹងថ្នាំញៀន ០៤ គ្រឿង អាវុធវែង០១ ដើម គ្រាប់ ៩៥ គ្រាប់ បង់ ០២ អាវុធខ្លី០២ ដើម គ្រាប់ ៨៣៣ គ្រាប់ បង់ ០៥ បំពង់ផ្ទប់សំឡេង ០២ ដើម
-ទូរស័ព្ទដៃ ៣១ គ្រឿង ឡេបថប ០១ គ្រឿង លិខិតឆ្លងដែន ១៩ ក្បាល
-ប្រាក់ដូល្លា ២០០០$
-រថយន្ត ០២ គ្រឿង ព្រមទាំងឧបករណ៍ សម្ភារ:មួយចំនួនទៀតផងដែរ ៕
ដោយ៖ សុថាន