ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ-កម្មការិនីរោងចក្រកាត់ដេរយីហោ ចូវ យាន នៅស្រុកគងពិសី ដួលសន្លប់ជិត៤០នាក់មិនទាន់ដឹងមូលហេតុ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ កម្មករ-កម្មារិនីរោងចក្រកាត់សំលៀក បំពាក់យីហោ ចូវ យានចំនួន៣៦នាក់បានដួលសន្លប់បន្តបន្ទាប់គ្នាមិនទាន់ដឹងមូលហេតុ ខណៈដែលកំពុងបំរើការងារក្នុងរោងចក្រដូចសព្វមួយដង ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យឯកជនហើយ។

 ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នៅក្នុងរោងចក្រយីហោ(ចូវយាន) ដែលរោងចក្រនេះ ផលិតសំលៀកបំពាក់ ស្ថិតនៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១៦-ទៅលេខ១៧ នៅលើផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិព្រៃពង្រ ឃុំរការកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា រហូត មកដល់ពេលនេះមានកម្មករដួលសន្លប់ដោយមិនទាន់ដឹងមូលហេតុចំនួន៣៦នាក់ហើយ។

ប្រភពព័ត៌មានបានបន្តទៀតថា កម្មករដែលដួលសន្លប់ទាំង៣៦នាក់នោះខាងរោងចក្រ បានដឹកបញ្ជូនយកទៅសំរាកនៅ- មន្ទីរសម្រាកព្យាបាលនិងសម្ភពព្រៃពង្រចំនួន៨នាក់

– មន្ទីរសម្រាកព្យាបាលអង្គមេត្រីចំនួន១៨នាក់

– ពិគ្រោះព្យាបាលសុភមង្គលចំនួន១០នាក់។

ករណីខាងលើនេះសមត្ថកិច្ចជំនាញកំពុងបន្តសហការស្រាវជ្រាវមូលហេតុនៃការដួលសន្លប់នេះ៕

ដោយ៖ សូរិយា


ចែករំលែក៖