ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែមករា ឆ្នាំ២០២៤នេះ បានមានប្រសាសន៍សំខាន់ៗនាឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំចាស់ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំថ្មី ឆ្នាំ២០២៤ របស់ក្រសួងកិច្ចការនារី បានឡើងនៅសណ្ឋាគារសុខាភ្នំពេញ។
សូមអានប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានដូចខាងក្រោម៖
-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សិទ្ធិសេរីភាពស្ត្រីត្រូវតែលើកតម្កើង តែមិនត្រូវ ឱ្យហួសព្រំដែននោះទេ ជាពិសេសអត្តសញ្ញាណនារីខ្មែរ។
-សម្ដេចធិបតី ថ្លែងបញ្ជាក់ថា ទោះបីជាថ្ងៃខាងមុខ កម្ពុជាអភិវឌ្ឍន៍យ៉ាងណាក៏ដោយ ក៏អត្តសញ្ញាណជាតិមិនត្រូវបាត់បង់ឡើយ ជាពិសេសមិនត្រូវបាត់បង់តម្លៃជាស្ត្រីខ្មែរ។
-សម្ដេចធិបតី ប្រកាសណែនាំឱ្យក្រសួងពាក់ព័ន្ធត្រូវពង្រីកវិសាលភាពក្របខ័ណ្ឌជាតិការពារសង្គម និងសេវាថែទាំ សុខភាពឆ្ពោះទៅរកការគ្របដណ្ដប់សុខភាពជាសកលសំដៅធានាឱ្យប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវា និងដោយគ្មានការរើសអើង។
-សម្ដេចធិបតី ថ្លែងថា ចំពោះអ្នកដែលធ្វើកម្មភាពផ្សព្វផ្សាយផលិតផលអនឡាញ ឬធ្វើមាតិការផ្សព្វផ្សាយដែលហួសព្រំដែន គឺត្រូវបានដាក់ទណ្ឌកម្ម ប៉ុន្ដែការដាក់ទណ្ឌកម្មនេះ គឺជាការតម្រង់ទិស មិនមែនជាការដាក់ទោសទណ្ឌនោះទេ ដើម្បីធ្វើយ៉ាងណាឱ្យមានការកែប្រែឡើងវិញ។
-សម្ដេចធិបតី ប្រកាសលើកទឹកចិត្តឱ្យក្រសួងកិច្ចការនារី ឱ្យបន្តអនុវត្តកិច្ចការអប់រំ តម្រង់ទិសដល់អ្នកដែលផ្សព្វផ្សាយផលិតផលអនឡាញ ឬអ្នកដែលបង្កើតមាតិកាដែលធ្វើសកម្មភាពគ្មានក្រមសីលធម៌ និងហួសព្រំដែននៃសិទ្ធសេរីភាព។
-សម្ដេចធិបតី ប្រកាសណែនាំអ្នកលក់ផលិតផលអនឡាញ និងអ្នកបង្កើតមាតិកាផ្សព្វផ្សាយផ្សេងៗ ធ្វើអ្វីក៏ដោយសូមកុំឱ្យហួសព្រំដែនរបស់ខ្លួន ហើយចូលរួមគោរពច្បាប់ មានក្រមសីលធម៌សង្គម និងប្រកាន់ខ្ជាប់នូវវប្បធម៌ប្រពៃណីជាតិខ្មែរ។
-សម្ដេចធិបតី ប្រកាសលើកទឹកចិត្តដល់ក្រសួងកិច្ចការនារីបន្តធ្វើការវិនិយោគចំពោះការលើកកម្ពស់សមត្ថភាពរបស់ស្រ្ដី។ ក្រៅពីនេះត្រូវរួមគ្នាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើកកម្ពស់ការចូលរួមរបស់ស្ដ្រីនៅក្នុងកិច្ចការងារនៅក្នុងសង្គម។
នាឱកាសនោះដែរ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានថ្លែងថា គម្រោងមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគ្រិនស្ត្រីរបស់ ក្រសួងកិច្ចការនារី បានជួយឱ្យសហគ្រិនស្ត្រីកម្ពុជាចំនួន៥៩រូប ទទួលបានពានរង្វាន់សហគ្រិនស្ត្រីឆ្នើមអាស៊ាន។
លោកស្រី អ៊ឹង កន្ថាផាវី អះអាងថា ក្រសួងបានកោះហៅនារីដែលធ្វើវីដេអូបរិភោគកង់ឡាន ស្បែកជើង ជាមួយអំបិលម្ទេសមកព្រមាន និងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ជាបន្ទាន់ ចំពោះទង្វើដែលប៉ះដល់កិត្តិយសជាតិបែបនេះ។
គួរជម្រាបជូនថា ក្រសួងកិច្ចការនារី បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ រយៈពេល២ថ្ងៃ គឺថ្ងៃទី១០ និងទី១១ ខែមករា ឆ្នាំ២០២៤។ សន្និបាតនេះមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីក្រសួង និងមន្ទីរកិច្ចការនារីរាជធានី ខេត្ត ដៃគូជាតិ មកពីក្រសួងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សា-អភិបាលរងរាជធានី-ខេត្ត ដៃគូអភិវឌ្ឍន៍អន្តរជាតិ វិស័យឯកជន និងសង្គមស៊ីវិល សរុបប្រមាណ ៥១៥រូប។
ក្នុងអង្គសន្និបាត បានពិនិត្យឡើងវិញនូវសមិទ្ធផល បញ្ហាប្រឈម ក្នុងការងារកន្លងមក ដោយផ្អែកតាមផែនការយុទ្ធសាស្ត្រនារីរតនៈទី៥ ២០១៩-២០២៣ និងពិនិត្យកាលានុវត្តភាពថ្មី ដើម្បីលើកទិសដៅបន្ត ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា៕
ដោយ៖ ស តារា