ព័ត៌មានទាន់ហេតុការណ៍៖

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពង្រឹងការអនុវត្តក្រមសីលធម៌មេធាវីពាក់ព័ន្ធនឹងការចូលរួមការជំនុំជម្រះក្តីដោយយុត្តិធម៌និងដោយពុំមានការពន្យារពេលក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចេញ សេចក្តីណែនាំស្តីការពង្រឹងការអនុវត្តក្រមសីលធម៌មេធាវីពាក់ព័ន្ធនឹងការចូលរួមការជំនុំជម្រះក្តីដោយយុត្តិធម៌និងដោយពុំមានការពន្យារពេលក្នុងយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ ។ 

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា សូមគាំទ្រយុទ្ធនាការជំរុញនិងពន្លឿនការដោះស្រាយ រឿងក្តីនៅតាមតុលាការដែលបានដាក់ចេញដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងផ្តល់នូវកិច្ចសហការពេញទំហឹង ជាពិសេសសូមគាំទ្រលើអភិក្រម៖ យុត្តិធម៌ ត្រឹមត្រូវ លឿន និងផ្អែកលើច្បាប់។

ដើម្បីចូលរួមសហការក្នុងយុទ្ធនាការនេះ គណៈមេធាវីសូមធ្វើការណែនាំដល់មេធាវីនិង មេធាវីកម្មសិក្សាទាំងអស់ដែលទទួលបេសកកម្មការពារក្តីឬតំណាងដោយអាណត្តិឱ្យកូនក្ដីនៅតាម តុលាការដូចតទៅ៖

១-ត្រូវបន្តយកចិត្តទុកដាក់អនុវត្តវិធានវិជ្ជាជីវៈដែលបានកំណត់ក្នុងច្បាប់ស្តីពីលក្ខន្តិកៈ មេធាវី បទបញ្ជាផ្ទៃក្នុងនៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក្រមសីលធម៌មេធាវី និង សេចក្តីសម្រេចនានារបស់គណៈមេធាវី។

២-ត្រូវខិតខំស្វះស្វែងធ្វើឱ្យការជំនុំជម្រះក្ដីប្រកបដោយយុត្តិធម៌ គោរពច្បាប់ និងនីតិវិធី ដ៏ត្រឹមត្រូវយ៉ាងពិតប្រាកដ ដែលវិធាននេះមានកំណត់ក្នុងមាត្រា៣៨ (ការជំនុំជម្រះក្តីដោយ យុត្តិធម៌និងគោរពតាមនីតិវិធីដ៏ត្រឹមត្រូវ) នៃក្រមសីលធម៌មេធាវី។

៣-រាល់ការសុំលើកម្មពន្យារពេលនីតិវិធីណាមួយត្រូវមានមូលហេតុសមស្រប ដោយ មិនត្រូវបង្កឱ្យមានការពន្យារនីតិវិធីតុលាការកើតចេញពីការធ្វេសប្រហែស ឬមូលហេតុមិន សមហេតុផលដែលអាចប៉ះពាល់ដល់ផលប្រយោជន៍យុត្តិធម៌នោះឡើយ ដែលវិធាននេះមាន កំណត់ក្នុងមាត្រា៣៩ (ការពន្យារនៅក្នុងនីតិវិធីតុលោការ) នៃក្រមសីលធម៌មេធាវី។

៤-ក្នុងអំឡុងពេលអនុវត្តយុទ្ធនាការនេះ គណៈមេធាវីនឹងតាមដាន ទទួលព័ត៌មាន និងធ្វើការណែនាំជាបន្តបន្ទាប់ទៀត ដើម្បីពង្រឹងការអនុវត្តក្រមសីលធម៌មេធាវីពាក់ព័ន្ធនឹង ការចូលរួមការជំនុំជម្រះក្ដីប្រកបដោយយុត្តិធម៌និងដោយពុំមានការពន្យារពេល ពីសំណាក់ មេធាវីនិងមេធាវីកម្មសិក្សា។ ក្នុងករណីរកឃើញថា មេធាវីឬមេធាវីកម្មសិក្សាណាម្នាក់បំពាន លើវិធានខាងលើ បង្កឱ្យប៉ះពាល់ដល់ផលប្រយោជន៍យុត្តិធម៌ នោះគណៈមេធាវីនឹងចាត់វិធានការវិន័យយ៉ាងម៉ឺងម៉ាត់។

ក្រោយទទួលបាននូវសេចក្តីណែនាំនេះ មេធាវីនិងមេធាវីកម្មសិក្សាទាំងអស់ ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាព និងដោយស្មារតីទទួលខុសត្រូវខ្ពស់តាមភារកិច្ចរៀងៗខ្លួន៕

ដោយ ៖ សិលា


ចែករំលែក៖