ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនបុរសម្នាក់ប្រេីអាវុធមែនទែនទៅគំរាមអ្នកដទៃ ដោយសារតែរឿងខឹងគេចាក់ធុងបាស់ខ្លាំងៗ។
សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯកពេជ្រ សារ៉ែន ជាអធិការ កាលពីយប់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនសង័្សយម្នាក់ឈ្មោះសា ម្លិះ ភេទប្រុស អាយុ ៤៣ឆ្នាំ មានទីលំនៅភូមិដង្កោទាប សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង មកកាន់ស្នងការដ្ឋានដេីម្បីអនុវត្តទោសទៅតាមផ្លូវច្បាប់ ដែលកិច្ចប្រតិបត្តិការនេះធ្វេីឡេីងតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោយពេលដែលសមត្ថកិច្ចទទួលពាក្យបណ្តឹងពីជនរងគ្រោះឈ្មោះបេ ខេមរិន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងថា មានករណីគំរាមកំហែង និងកាន់កាប់អាវុធខុសច្បាប់ កាលពីថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ២១និង០០នាទី នៅចំណុចក្រុមទី០៧ ភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបងខេត្តបាត់ដំបង ដោយជនសង័្សយខាងលេីបានប្រេីប្រាស់អាវុធនេះគំរាមដល់ជីវិតរបស់គាត់។
ក្រោយពីទទួលបណ្តឹងជនរងគ្រោះសមត្ថកិច្ចបានធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងបានឃាត់ខ្លួនជនសង្ស័យខាងលេីនាំមកកាន់អធិការដ្ឋាននគរបាលក្រុងបាត់ដំបងដើម្បីធ្វើការសាកសួរ ហេីយពេលធ្វើការសាកសួរជនសង្ស័យបានសារភាពថា រូបគេពិតជាបានដកអាវុធចេញពីហោប៉ៅភ្ជុង់ទៅលេីជនរងគ្រោះពិតប្រាកដមែន ដោយសារខឹងនឹងជនរងគ្រោះផឹកស៊ីចាក់ធុងបាស់ឮខ្លាំងៗពេក។
សម្ភារដកហូត៖
-កាំភ្លើងមិនស្គាល់ម៉ាកមានរាងជាទូរស័ព្ទដែលមានលេខ IC380 ចំនួន០១ ។
-គ្រាប់កាំភ្លើង ចំនួន០៦គ្រាប់
-មួកសុវត្ថិភាពចំនួន០១
-ទូរស័ព្ទម៉ាកអូប៉ូ ពណ៌មាសចំនួន០១គ្រឿង
-ស្រោមដាក់គ្រាប់កាំភ្លើងក្រណាត់ ពណ៌ខ្មៅចំនួន០១
-ម៉ូតូម៉ាកYamaha Sirius ពណ៌ខ្មៅ មិនស្គាល់ស៊េរីឆ្នាំផលិតចំនួន០១គ្រឿង។
សូមបញ្ជាក់ថា អាវុធប្រភេទIC380 នេះជាអាវុធដែលផលិតឡេីងឱ្យដូចទៅនឹងទូរស័ព្ទដៃស៊េរីទំនេីប ហេីយនៅពេលកាន់ប្រេីប្រាស់មិនងាយដឹងថាជាអាវុធនោះទេលុះត្រាតែផ្តេីមធ្វេីសកម្មភាពទេីបដឹងថាវាជាអាវុធអាចបាញ់ប្រហារបាន។
ពេលនេះជនសង័្សយនិងវត្ថុតាង ត្រូវសមត្ថកិច្ចរៀបចំបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តទោសតាមផ្លូវច្បាប់ហេីយ៕
ដោយ៖ អរុណរះ