ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តស្តារិចមួយគ្រឿងរេចង្កូតឡើងលើសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់អស់មួយដើមខ្ទេចទាំងរថយន្ត ហើយព្យាយាមបើករត់ តែត្រូវបានសមត្ថកិច្ចឃាត់ជាប់កាលពីវេលាម៉ោង១២និង៤៥នាទីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ក្នុងភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកស្តារិច ពណ៌ស ពាក់ស្លាកលេខ កំពត 2A-8007 បើកបរដោយបុរសចំណាស់ម្នាក់ រួមដំណើរជាមួយប្រពន្ធបើកពីត្បូងទៅជើងក្នុងល្បឿនលឿន ហើយសុខៗស្រាប់តែរេចង្កូតទាញទៅខាងឆ្វេង ឡើងលើសួនពុះចែកទ្រូងផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបអស់មួយដើម រីឯរថយន្តខូចខ្ទេចខាងមុខ ហោះធ្លាយទៅផ្លូវម្ខាងទៀតរងការខូចខាតយ៉ាងខ្លាំង។
ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានចុះទៅពិនិត្យមើលផលប៉ះពាល់ជាក់ស្តែង រួចប្រគល់រថយន្តនិងអ្នកបើកបរឱ្យទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋានក្រុងភ្នំពេញ យកទៅរក្សាទុក រង់ចាំដោះស្រាយននៅពេលក្រោយ ៕
ដោយ៖ សុខាសែនជ័យ