ព័ត៌មានទាន់ហេតុការណ៍៖

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាអបអរសាទរចំពោះវិធានការរបស់រាជរដ្ឋាភិបាលសម្រេចផ្អាកការនាំចូលគ្រឿងក្នុង និងសាច់បង្កក

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានចាត់វិធានការរួមគ្នាដោយសម្រេចផ្អាកជាបណ្តោះអាសន្នសម្រាប់រយៈពេល ៦ ខែ ការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កកចូលមកក្នុងប្រទេសកម្ពុជា។ វិធានការនេះ បាននាំឱ្យសមាគមអ្នកចិញ្ចឹម សត្វកម្ពុជា បានអបអរសាទរ ហើយថា នេះគឺជាដំណឹងដ៏រីករាយសម្រាប់អ្នកប្រកបរបរចិញ្ចឹមសត្វនៅកម្ពុជា។ 

យោងតាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៤ ក្រសួងពាណិជ្ជ កម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ប្រកាសជាព័ត៌មានជូនដល់សាធារណជន និងក្រុមហ៊ុន នាំចេញ នាំចូលថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចផ្អាកជាបណ្តោះអាសន្ននូវការនាំចូលគ្រឿង ក្នុង និងបំណែកសាច់បង្កក សម្រាប់រយៈពេល ៦ ខែ ដែលនឹងអនុវត្តចាប់ពីថ្ងៃទី ១២ ខែមីនា រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២៤។ សេចក្តីប្រកាសជូនដំណឹងរួមរបស់ក្រសួងទាំងពីរ បានផ្សាយនៅថ្ងៃសុក្រនេះ។

ទោះបីយ៉ាងណា វិធានការនេះ មិនអនុវត្តចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(គ.ល.គ) ដែលនាំចូលទំនិញប្រភេទនេះ សម្រាប់ប្រើប្រាស់ជាធាតុចូលផលិតកម្មសម្រាប់ការនាំចេញឡើយ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នក ចិញ្ចឹមសត្វកម្ពុជា បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ព្រម ទាំងលោកស្រីរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានដាក់ចេញវិធានការនេះ ដើម្បីជួយគាំទ្រវិស័យចិញ្ចឹមសត្វ និងគិតគូរដល់សុខភាពប្រជាជន។

លោក ស្រ៊ុន ពៅ បានថ្លែងនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣នេះ ថា ៖ «នេះវាជាផលល្អ ហើយ ក៏ជាការគាំទ្រដល់វិស័យចិញ្ចឹមសត្វយើងឡើងវិញ ហ្នឹងហើយ ទាំងអស់នេះគឺសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា គឺវិស័យចិញ្ចឹមសត្វ គាំទ្រពេញទំហឹងបាទ»។ 

លោក បន្តទៀតថា សម្រាប់ការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលគ្រឿងក្នុង និងបំណែកសាច់បង្កក សម្រាប់រយៈ ពេល ៦ ខែនេះ គឺជាពេលវេលាសមល្មមសម្រាប់អ្នកចិញ្ចឹមធ្វើការស្តារឡើងវិញក្នុងវិស័យនេះ ហើយលោកជឿថា វិធាន ការនេះ នឹងផ្តល់ផលប្រយោជន៍ដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផងដែរ។

លោកមានប្រសាសន៍យ៉ាងដូច្នេះថា ៖ «ដល់ពេលនេះ អនុក្រឹត្យ ១៧ ដែលកែមកជា ៣៧០ វានឹងចូលជា ធរមាន អីចឹងវាអត់អីទេ នោះគឺវិស័យចិញ្ចឹមសត្វយើងមានពន្លឺវិញ មានពន្លឺវិញហើយ យើងចូលរួមអបអរ សាទរ ហ្នឹងហើយ ក្នុងឆ្នាំថ្មីទទួលបានកាដូនេះ ជូនដល់ប្រជាកសិករអ្នកចិញ្ចឹមសត្វវិញបាទ។ នេះគឺជាវិធានការរបស់ក្រសួងបានហាមប្រាមហើយ បាននិយាយគ្នាច្បាស់លាស់ហើយ ត្រូវធ្វើឱ្យបានចំណេញទាំងអ្នកចិញ្ចឹម ចំណេញទាំងអ្នកលក់ និងអ្នកហូប»។

ទំនិញដែលត្រូវហាមប្រាមការនាំចូល រួមមានអណ្តាត ថ្លើម សត្វគោក្របី បង្កក និងគ្រឿងក្នុងបង្កកផ្សេងទៀតនៃសត្វគោក្របី ដែលអាចបរិភោគបាន ក្រៅពីអណ្តាត និងថ្លើម ហើយក៏មាន ថ្លើមសត្វជ្រូកបង្កក និងភាគបំណែកសាច់ និងគ្រឿងក្នុងផ្សេងទៀត ក្រៅពីថ្លើមសត្វជ្រូក ដែលអាចបរិភោគបាន បង្កក។

 ព្រមទាំងថ្លើមសត្វមានបង្កក និងសាច់ និងគ្រឿងក្នុងបង្កកផ្សេងទៀតសត្វមាន់ដែលអាចបរិភោគបាន ក្រៅពីស្លាប ទាំងមូល ភ្លៅ ថ្លើម និងសាច់ដែលត្រូវបានយកឆ្អឹងចេញ ហើយពោះវៀន ប្លោក និងក្រពះ ទាំងមូល ឬជាផ្នែកនៃសត្វ (លើកលែងត្រី) ស្រស់ក្លាស្សេ បង្កក ប្រឡាក់អំបិល ត្រាំទឹកអំបិល សម្ងួត ឬឆ្អើររួច។

ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សង្ឃឹមថា សាធារណជន ក្រុមហ៊ុននាំចេញ នាំចូល និងភាគីពាក់ព័ន្ធ នឹងចូលរួមសហការអនុវត្តវិធានការនេះ ដោយស្មារតីទទួលខុសត្រូវ៕

ដោយ៖ សូរិយា


ចែករំលែក៖