ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ខឹងសង្សារមិនងូតទឹកជាមួយតូចចិត្តបើកម៉ូតូមកលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វា

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បបួលនារីជាសង្សារចូលទៅងូតទឹកក្នុងបន្ទប់ជាមួយ តែនារីជាសង្សារប្រកែកមិនព្រមចូល ក៏កើតជាកំហឹងបោកកន្ត្រកដាក់សាប៊ូចោល រួចជិះម៉ូតូឡើងស្ពានជ្រោយចង្វាលោតទឹកសម្លាប់ខ្លួន។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ចំណុចលើស្ពានជ្រោយចង្វាសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ប៉ែត ចាន់ អាយុ២១ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនឯកជន បច្ចុប្បន្ន ស្នាក់នៅក្នុងក្រុមហ៊ុន ក្នុងសង្កាត់ជ្រោយចង្វា មានស្រុកកំណើតរស់នៅខេត្តកំពង់ធំ។

បើសម្តីនារីម្នាក់ត្រូវជាសង្សារបុរសរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុដោយជនរងគ្រោះ បានបបួលរូបនាងចូលទៅងូតទឹកជាមួយនៅក្នុងបន្ទប់ តែរូបនាងប្រកែកមិនព្រមចូល ពេលនោះដែរធ្វើឲ្យបុរសជាសង្សារមានចិត្តខឹងយ៉ាងខ្លាំង ក៏ទាញកន្រ្តកដាក់សាប៊ូបោកចោល រួចក៏ស្លៀកពាក់ទាញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅពាក់ស្លាកលេខកណ្តាល 1AS-8689 ជិះចេញពីកន្លែងស្នាក់នៅ រួចជិះឡើងលើស្ពានជ្រោយចង្វា ខណៈឡើងមកដល់លើស្ពាន ក៏បានតេហៅនារីជាសង្សារឲ្យមកយកម៉ូតូត្រឡប់ទៅវិញ ក្រោយមកនារីសង្សារ និងនារីម្នាក់ទៀតរួមការងាជាមួយបានរត់ឡើងលើស្ពានទាំងប្រញាប់ ពេលឡើងមកដល់នារីជាសង្សារ ក៏បានយកកាតាបមួយឲ្យទៅបុរសរងគ្រោះ ពេលនោះដែរជនរងគ្រោះបានទុកស្បែកជើងមួយគូរ និងកាតាប មួយរួមទាំងងទូរស័ព្ទមួយគ្រឿង ចោលនៅលើស្ពាន ក៏លោតទម្លាក់ខ្លួនចូលទៅក្នុងទឹកទន្លេលិចបាត់តែម្តង ធ្វើឲ្យនារីជាសង្សារបានអង្គុយយំស្រែកឱ្យអ្នកធ្វើដំណើរឆ្លងកាត់ ជួយទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមៗផងដែរ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានឡើងមកដល់លើស្ពានបាននាំនារីជាសង្សារ និងម៉ូតូជនរងគ្រោះ យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វា ដើម្បីសួរនាំបន្តជុំវិញរឿងហេតុ រួចធ្វើកំណត់ហេតុប្រគល់ម៉ូតូទៅឲ្យនារីជាសង្សារវិញ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖