ព័ត៌មានទាន់ហេតុការណ៍៖

លួចខ្សែភ្លើងរោងចក្របាន២ដង ញ៉ាមលួចលើកទី៣ជាប់ខ្នោះសមត្ថកិច្ច នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ត្រូវបានសន្តិសុខធ្វើការឃាត់ខ្លួននិងបានប្រគល់អោយសមត្ថកិច្ចមូលដ្ឋានយកទៅសាកសួរ ករណីចោរកម្ម (លួចខ្សែភ្លើង)នៅក្រុងបាវិត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត។

យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថា ជនសង្ស័យមានឈ្មោះ ស៊ិន បូរិន  អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងប្លុង សង្កាត់បាទី ក្រុងបាវិត។

សមត្ថកិច្ចរឹបអូសវត្ថុតាង រួមមាន ម៉ូតូ០១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ គ្មានស្លាកលេខ (សម្រាប់ដឹកខ្សែភ្លើង) ដង្កាប់០១(សម្រាប់កាត់ខ្សែភ្លើង) និងស្គុតខ្មៅ០១ដុំ ។

ប្រភពបន្តថា មុនដំបូងមានឈ្មោះប្រា សុខហេង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ  មុខរបរប្រធានរដ្ឋបាលតំបន់សេដ្ឋកិចពិសេសមហាតាន់ បានមកដាក់ពាក្យបណ្តឹងប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យបានជិះម៉ូតូមកលួចកាត់ខ្សែភ្លើងប្រភេទធំអស់ចំនួន២០០ម៉ែត្រ និងបម្រុងមកលួចកាត់បន្តទៀត ប៉ុន្តែត្រូវបានសន្តិសុខឃើញក៏ឃាត់ខ្លួន  នៅកន្លែងកើតហេតុ ព្រមទាំងបានរាយការណ៍មកសមត្ថកិច្ចតែម្ដង។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាត់ខ្សែភ្លើងក្នុងតំបន់សេដ្ឋកិច្ចពិសេសមហាតាន់បានចំនួនពីរដងមកហើយ និងយកទៅលក់អោយអ្នកទិញអេតចាយដឹកតាមរ៉ឺម៉កម៉ូតូ  រហូតដល់លើកចុងក្រោយខ្លួនរៀបនឹងលួចកាត់ទៀតក៏ត្រូវឃាត់ខ្លួនតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ សមត្ថកិច្ចកំពុងធ្វើការសាកសួរនិងចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន

 


ចែករំលែក៖