ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួន បុរសដែលប្រឌិតរឿងថាខ្លួនត្រូវចោរប្លន់ម៉ូតូ នៅតំបន់បឹងកក់ ទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌដូនពេញនាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនខ្លួន បុរសម្នាក់ដែលប្រឌិតរឿងថាខ្លួនត្រូវចោរប្លន់ម៉ូតូ នៅតំបន់បឹងកក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីច្បាប់។

សូមបញ្ជាក់ថា លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ថា ៖ ករណីនេះ នគរបាលចាំបាច់ត្រូវតែចាត់វិធានការតាមផ្លូវច្បាប់លើបុគ្គលរូបនេះ ដោយសាររូបគេបានប្រឌិតភូតកុហក់សមត្ថកិច្ច និងបង្កភាពឆោរឡោ បំភ្លៃបំប៉ោងព័ត៌មាន នឹងជាការបំពុលសង្គម ធ្វើឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដូច្នោះហើយសមត្ថកិច្ចមិនអាចមានការលើកលែងបាននោះទេ ។

គួររំលឹកថា ៖ ដំណើររឿងហេតុ ជនប្រឌិតរឿងខាងលើ បានជិះម៉ូតូមួយគ្រឿងម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JM-4567 ឌុបកូនស្រីយកម៉ូតូទៅផ្ញើរនៅសណ្ឋាគារភ្នំពេញ រួចខ្លួនបន្តជិះផាស់អាប់ចូលទៅក្នុងតំបន់បឹងកក់ លុះដល់កន្លែងស្ងាត់ ក៏យកក្រវិលកំប៉ុងឆូតក្បាលខ្លួនឯងផ្នែកខាងក្រោយ បណ្តាលឱ្យឈាមរងរបួស ហើយផ្អើលឆោរឡោថា មានគេប្លន់ម៉ូតូខ្លួន ទើបបង្កការភ្ញាក់ផ្អើលតែម្តងទៅ ។

លោក សំ វិច្ឆិកា បានបញ្ជាក់ថា ៖ ជនដែលបានប្រឌិតរឿង មានឈ្មោះ លី រ៉ូហ្សា ភេទប្រុស អាយុ៣២ឆ្នាំ ។ 

រូបគេបានប្រឌិតរឿងឡើង ដោយសារមានបញ្ហាទំនាស់ជាមួយស្ត្រីជាប្រពន្ធ ទើបសម្រេចប្រើវិធីថា មានចោរប្លន់ម៉ូតូខ្លួន និងទ្រព្យសម្បត្តិមួយចំនួន ដើម្បីឱ្យស្ត្រីជាប្រពន្ធបានដឹង ហើយត្រឡប់មកយល់ចិត្ត និងអាណិតខ្លួនវិញ ។ 

នៅចំពោះមុខសមត្ថកិច្ចគេសារភាពថា ៖ ធ្វើអោយមានការចាប់អារម្មណ៍ពីប្រពន្ធ ព្រោះរកាំរកូសទាស់សម្ដីញឹកញាប់ ហើយបង្កើតរឿងនេះឡើងដើម្បីអោយប្រពន្ធអាណិត ហើយយកក្រវិលគម្របកំប៉ុងភេសជ្ជៈ មកឆូតក្បាលអោយឈាម ដើម្បីប្រឌិតរឿងកុហកសមត្ថកិច្ចថា ចោរវ៉ៃប្លន់ម៉ូតូរបស់ខ្លួន។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានបញ្ជូនទៅដល់សាលាដំបូងរាជធានីភ្នំពេញហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖