ទីក្រុងម៉ូស្គូបានចាត់ទុកចំណាត់ការណាមួយរបស់អង់គ្លេសក្នុងការពង្រាយទ័ពទៅកាន់អ៊ុយក្រែនថាជាការប្រកាសសង្រ្គាមប្រឆាំងនឹងរុស្ស៊ី។
សេចក្តីថ្លែងការណ៍ដ៏រឹងមាំនេះត្រូវបានសរសេរដោយលោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីនៅលើ Telegram កាលពីថ្ងៃទី ១២ ខែមករាដោយសង្កត់ធ្ងន់ថា “ខ្ញុំសង្ឃឹមថា ចក្រភពអង់គ្លេសយល់ថាការដាក់ពង្រាយកងទ័ពជាផ្លូវការទៅកាន់អ៊ុយក្រែននឹងក្លាយជាការសន្យាមួយដើម្បីប្រកាសសង្រ្គាមប្រឆាំងនឹងរុស្ស៊ី”។
ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងដោយអតីតប្រធានាធិបតីរុស្ស៊ីបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានធ្វើទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគៀវ ដើម្បីបង្ហាញការគាំទ្រចំពោះអ៊ុយក្រែន។
សំដៅលើដំណើរនេះ លោក មេដវេដេវ ហាក់ដូចជាសម្តែងការខកចិត្តចំពោះឧបទ្ទវហេតុនាពេលថ្មីៗនេះ នៅពេលដែលអ៊ុយក្រែនបានចោទប្រកាន់ថាបានប្រើប្រាស់គ្រាប់បែកចង្កោមវាយប្រហារទីក្រុង Belgorod ភាគខាងត្បូងនៃប្រទេសរុស្ស៊ី ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២០ នាក់ និង ១១១ នាក់ផ្សេងទៀតរងរបួស។
ទីក្រុង Belgorod ដែលមានទីតាំងនៅជិតព្រំដែនអ៊ុយក្រែន គឺជាគោលដៅនៃការវាយប្រហារដោយមីស៊ីលនិងយន្តហោះគ្មានមនុស្សបើកក្នុងប៉ុន្មានខែថ្មីៗនេះ។
ទីភ្នាក់ងារសារព័ត៌មាន RBC-Ukraine របស់អ៊ុយក្រែនបានដកស្រង់ប្រភពមិនបញ្ចេញឈ្មោះដែលនិយាយថា កងកម្លាំងអ៊ុយក្រែនដឹកនាំការវាយប្រហារលើគោលដៅយោធានៅទីក្រុង Belgorod ជាការឆ្លើយតបទៅនឹងការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំរបស់រុស្ស៊ីលើទីក្រុងអ៊ុយក្រែនកាលពីថ្ងៃទី ២៩ ខែវិច្ឆិកាដល់ខែធ្នូឆ្នាំ ២០២៣ ។
ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងគៀវកាលពីថ្ងៃទី ១២ ខែមករា នាយករដ្ឋមន្ត្រី Sunak បានប្រកាសអំពីកញ្ចប់ជំនួយយោធាថ្មីមួយដែលមានតម្លៃជាង ៣ពាន់លានដុល្លារសម្រាប់អ៊ុយក្រែននៅឆ្នាំក្រោយ។
កញ្ចប់ជំនួយថ្មីនេះ នឹងរួមបញ្ចូលមីស៊ីលរយៈចម្ងាយឆ្ងាយ ប្រព័ន្ធការពារដែនអាកាស និងគ្រាប់កាំភ្លើងធំ។ លើសពីនេះ វាមានទឹកប្រាក់ចំនួន ២៥៥ លានដុល្លារសម្រាប់ការឈ្លបយកការណ៍ និងវាយប្រហារលើយន្តហោះគ្មានមនុស្សបើក (UAVs)។ នេះនឹងក្លាយជាការដឹកជញ្ជូន UAV ដ៏ធំបំផុតទៅកាន់អ៊ុយក្រែនមិនធ្លាប់មាន។
លើសពីនេះទៀត នាយករដ្ឋមន្ត្រីអង់គ្លេស Sunak និងប្រធានាធិបតី Volodymyr Zelensky បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីធានាសន្តិសុខទ្វេភាគីសម្រាប់អ៊ុយក្រែន៕ ដោយ៖ ធីរីណា
រូបថត៖ Reuters