ព័ត៌មានទាន់ហេតុការណ៍៖

បំបែកសំណុំរឿងហិង្សាដោយចេតនា កាប់លើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់

ចែករំលែក៖

ខេត្ត​ឧត្តរមានជ័យ៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ បានប្រាប់ឱ្យដឹងនៅថ្ងៃទី១២​ ខែមករា​ ឆ្នាំ​២០២៤ម្សិលមិញនេះ​ថា៖ កម្លាំង​ជំនាញ​ បានចុះស្រាវជ្រាវ​អស់រយៈពេលជាង១០ថ្ងៃ ទើបឈានដល់ការបំបែកសំណុំរឿងហិង្សាដោយចេតនា​ ដោយឃាត់ខ្លួនជនដៃដល់ចំនួន​ ០២នាក់ ខណៈ​ពួកគេ​បានធ្វេី​សកម្មភាព​កាប់លើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់។ 

ប្រភពដដែលបន្តថា​ ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់ លោកនាយឧត្តមសេនីយ៍ ស ថេត  អគ្គស្នងការនគរបាលជាតិ និងមានការសម្របសម្រួលនីតិវិធីពី លោក តូច សុភក្ដី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ក្រោយពីទទួលបានព័ត៌មានថា មានករណីហិង្សាដោយចេតនា កាប់លើជនរងគ្រោះបណ្ដាលឱ្យរងរបួសធ្ងន់ បានដឹកនាំដោយផ្ទាល់កម្លាំងអន្តរាគមន៍ពិសេស កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្តឧត្តរមានជ័យ បើកការស្រាវជ្រាវស៊ើបអង្កេត និងបំបែកសំណុំរឿងករណីហិង្សាដោយចេតនា កាប់លើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ កាលពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០២៣ ស្ថិតនៅចំណុចកែងស្ពានកណ្ដែក ភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានដោយជោគជ័យ ដោយឃាត់ខ្លួនជនសង្ស័យ ២នាក់។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានគូសបញ្ជាក់ថា​ ក្នុងកិច្ចប្រតិបត្តិការខាងលើនេះ កម្លាំងជំនាញខេត្ត​ បានធ្វើការកំណត់បានមុខសញ្ញាឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ២នាក់ រួមមាន៖

ទី១.ឈ្មោះ ចន គឹមចេន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិបុរីរដ្ឋបាល សង្កាត់ សំរោងក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ទី២.ឈ្មោះ សម្បួរ ម៉េងហៃ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិអភិវឌ្ឍន៍ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្រោយមកទៀតពេលកម្លាំងជំនាញធ្វើការសាកសួរបំភ្លឺជនសង្ស័យទាំង ២នាក់ ខាងលើអស់ហើយ ពួកគេបានឆ្លើយសារភាពថា៖ រូបខ្លួនទាំង ២នាក់ ពិតជាបានធ្វើសកម្មភាពស្ទាក់កាប់ទៅលើជនរងគ្រោះ បណ្ដាលឱ្យរងរបួសធ្ងន់ ពិតប្រាកដមែន ។

សូមបញ្ជាក់ថា៖ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោងប្រហែល២២និង៤០នាទី នៅចំណុចកែងស្ពានកណ្ដែក ស្ថិតក្នុងភូមិកណ្ដែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ មានកើតករណីហិង្សាដោយចេតនា កាប់លើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ ដែលបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពស្ទាក់កាប់ទៅលើ ជនរងគ្រោះឈ្មោះ ម៉ោន រីន ភេទប្រុស អាយុ ១៦ឆ្នាំ មានទីលំនៅភូមិចំប៉ាសុខ សង្កាត់កូនគ្រៀល ក្រុងសំរោង ខេត្តឧត្ដរមានជ័យ។

បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ខាងលើ នៅព្រឹកថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០២៤នេះ​ ត្រូវបានឃាត់ខ្លួននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំកសាងសំណុំរឿងតាមនីតិវិធីបញ្ជូនទៅកាន់សាលាដំបូងខេត្តចាត់ការបន្តតាមច្បាប់ ៕

ដោយ​៖ តារា​


ចែករំលែក៖