ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានឱ្យដឹងនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះថា៖ កម្លាំងសមត្ថកិច្ចជំនាញទូទាំងប្រទេសកម្ពុជា បានចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៥២នាក់ ពាក់ពន្ធ័បទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀនកាលពីថ្ងៃទី១២ ខែមករាម្សិលមិញនេះ។
លោកអ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង ៥២នាក់នោះ មាន ៣៨នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១៨ករណី និងជនសង្ស័យ ១៤នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ១៣ករណី។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលអាចកើតមានឡេីង។
បន្ថែមពីនេះ លោកអ្នកនាំពាក្យ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋផងដែរ៕
ដោយ៖ តារា