ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានរថយន្តមន្ទីរពេទ្យរដ្ឋ ដឹកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ខណៈមានជនសង្ស័យមួយក្រុមប្រដាប់ដោយដាវកាប់ប្រហារទៅលើបុរសរងគ្រោះ ចំក្បាលរួចប្លន់យកទូរស័ព្ទមួយគ្រឿង បានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង ១០និង១៥នាទីយប់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ លើផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសរងគ្រោះ មិនស្គាល់អត្តសញ្ញាណម្នាក់ បានរត់ចេញពីក្នុងដីឡូត៍មួយកន្លែង ក្បែរស្ពានអាកាស៦០ម៉ែត្រ ដែលកំពុងតែសាងសង់ថ្មីទាំងសភាពឈាមស្រោចខ្លួន ពេលនោះដែរដោយពលរដ្ឋជិតខាងនាំគ្នាសួរ ទៅលើបុរសរងគ្រោះបាននិយាយថា មានជនសង្ស័យ មួយក្រុមប្រដាប់ដោយដាវបានវាយនិងកាប់ទៅលើរូបគាត់ ហើយប្លន់យកទូរស័ព្ទពីរូបគាត់បានមួយគ្រឿង ក្រោយមកជនរងគ្រោះក៏បានដួលសន្លប់ទាំងសភាពស្នាមក្បាលត្រូវគេកាប់ឈាមស្រោចខ្លួន ។ក្រោយមកពលរដ្ឋនាំគ្នាទាក់ទងទៅរថយន្តសាមុយ ឲ្យមកដឹកជនរងគ្រោះទៅសង្រ្គោះភ្លាមៗផងដែរ។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកើតហេតុពិនិត្យជុំវិញទីតាំងកើតហេតុបានសួរនាំប្រជាពលរដ្ឋនៅកន្លែងកើតហេតុ រួចបានទៅមន្ទីរពេទ្យដើម្បីមើលជនរងគ្រោះផងដែរ៕
ដោយ៖ ជ្រោយពេជ្រ