ព័ត៌មានទាន់ហេតុការណ៍៖

គ្រូបង្វឹកបាល់ទាត់ប៉ាឡេស្ទីនថាកូនក្រុមពុំមានអារម្មណ៏ផ្តោត១០០%នៅកម្មវិធី Asian Cup

ចែករំលែក៖

លោក Makram Daboub គ្រូបង្វឹកក្រុមជម្រើសជាតិប៉ាឡេស្ទីនបានថ្លែងថាកូនក្រុមរបស់គាត់ពិបាកនឹងផ្តោតអារម្មណ៏១០០%លើការប្រកួតបាល់ទាត់ Asian Cup ណាស់ដោយសារពួកគេនៅតែចង់ដឹងដំណឹងពីការវាយប្រហារនៅតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែវត្តមានរបស់ពួកគេនៅក្នុងពានរង្វាន់ទ្វីបអាស៊ីនេះបានផ្ញើរសារដល់ពិភពលោកថា ប៉ាឡេស្ទីននៅតែមានវត្តមានលើពិភពលោក។

អ៊ីស្រាអែលបានបន្តការទម្លាក់គ្រាប់បែកនៅតំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃសៅរ៍ ខណៈដែលសង្រ្គាមរបស់ខ្លួនលើពួកហាម៉ាស បានឈានដល់ 100 ថ្ងៃដោយមិនមានទីបញ្ចប់។ការវាយលុករបស់អ៊ីស្រាអែល ធ្វើឡើងបន្ទាប់ពីមានការវាយលុកឆ្លងព្រំដែនកាលពីថ្ងៃទី 7 ខែតុលា ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលមន្ត្រីអ៊ីស្រាអែលបាននិយាយថា មនុស្ស 1,200 នាក់ត្រូវបានសម្លាប់ និង 240 នាក់ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងត្រឡប់ទៅតំបន់ហ្គាហ្សាវិញ។ យុទ្ធនាការ​របស់​អ៊ីស្រាអែល​បាន​វាយ​បកទៅលើក្រុមហាម៉ាស់វិញ ហើយ​បាន​សម្លាប់​មនុស្ស​ជិត ២៤.០០០​នាក់ នេះ​បើ​តាម​អាជ្ញាធរ​សុខាភិបាល​ប៉ាឡេស្ទីន​ក្នុង​តំបន់​នោះ។

លោក Daboub បានថ្លែងប្រាប់អ្នកសារព័ត៍មានមុនការប្រកួតជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ថា “ប្រាប់តាមត្រង់ចុះថាកូនក្រុមរបស់ខ្ញុំមិនអាចផ្តោតអារម្មណ៏៏លើការប្រកួតទេ គឺពួកគេតែងតែចង់ដឹងពីដំណឹងពីស្ថានភាពនៅក្នុងប្រទេសរបស់ពួកគេ ទាំងមុននិងក្រោយការហ្វឹកហាត់ ថែមទាំងពេលកំពុងជិះរថយន្តក្រុងក៏កីឡាករទាំងអស់នៅតែបារម្ភដែរ។ ប៉ុន្តែពួកយើងត្រូវមានទំនួលខុសត្រូវខ្ពស់ដើរតួជាឯកអគ្គរដ្ឋទូត​សម្រាប់​បាល់ទាត់​ប៉ាឡេស្ទីន​ សម្រាប់ជាតិ​ប៉ាឡេស្ទីនទាំងមូល។ប្រជាជនប៉ាឡេស្ទីនសមនឹងទទួលបានជីវិតប្រសើរជាងមុន ហើយពួកគេសមនឹងទទួលបានសេរីភាព។ តាមរយៈការប្រកួត វត្តមានរបស់យើង និងអ្វីដែលយើងនឹងផ្តល់ជូននៅក្នុងការប្រកួតនេះ ជាសារមួយសម្រាប់ពិភពលោកទាំងមូលថា ប៉ាឡេស្ទីននៅមានលើពិភពលោកនេះ

ចំណែកកីឡាករ Musab Al-Battat ប្រធានក្រុមបាល់ទាត់ប៉ាឡេស្ទីនបាននិយាយថា ការឈប់សកម្មភាពបាល់ទាត់រយះពេល៣ខែនេះបានផ្តល់ផលអវជ្ជមានដល់ពួកយើងដោយកីឡាករត្រូវហ្វឹកហាត់នៅកន្លែងផ្សេងៗគ្នាព្រោះតែជម្លោះ។ លោក​ក៏​សង្ឃឹម​ថា​វត្តមាន​របស់​ពួក​គេ​នៅ Asian Cup ឹង​ផ្តល់​សារ​ដល់​ពិភពលោកថា ជាក្រុម និងរដ្ឋរបស់ប៉ាឡេស្ទីនគឺជាប្រទេសមួយដូចជាប្រទេសដទៃទៀតដែលមានសិទ្ធិចូលរួម និងជាផ្នែកមួយនៃការប្រកួតណាមួយនៅគ្រប់ទីកន្លែង ៕

ដោយ៖ ភារៈ


ចែករំលែក៖