ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល ៖ សាលារៀន អន្តរជាតិ ហូមឡេនដ៏ គឺចាត់ទុកជាសាលារៀនមួយដែលជាវិស័យឯកជនបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់ក្មួយៗសិស្សានុសិស្សនៅទីនេះផ្ទាល់ ក៏ដូចជានៅតាមសហគមន៍

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា សាលារៀន អន្តរជាតិ ហូមឡេនដ៏  គឺចាត់ទុកជាសាលារៀនមួយដែលជាវិស័យឯកជនបានរួមចំណែកក្នុងការបណ្តុះបណ្តាលធនធានមនុស្សដល់ក្មួយៗសិស្សានុសិស្សនៅទីនេះផ្ទាល់ ក៏ដូចជានៅតាមសហគមន៍ផងដែរ។

ការថ្លែង បែបនេះធ្វើឡើងនាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្នុងពិធី អបអរសាទរ ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សា និង ពិធីប្រគល់ប័ណ្ណសរសើរសំរាប់សិស្សឆ្នើម ខ្លួនដល់សិស្សានុសិស្ស គ្រប់កម្រិត របស់ សាលាអន្តរជាតិ ហូមឡេនដ៏ ស្ថិតនៅឃុំជ្រៃធំ ស្រុករមាសហែក ខេត្តស្វាយរៀង។

ក្នុងឱកាសនោះ លោក ម៉ម សុវណ្ណសៅ នាយកសាខាឃុំជ្រៃធំ ស្រុករមាសហែក ថ្លែងថា សាលាអន្តរជាតិ ហូមឡេនដ៏ សាខាជ្រៃធំស្រុករមាសហែក ចំនួនបុគ្គលិកសរុប ៩នាក់ គ្រូបង្រៀនសរុប ៦នាក់ ស្រី ៥ នាក់ ចំនួនសិស្សសរុប ២១០ នាក់ សិស្សស្រីចំនួន ១៣០នាក់។

ដោយមានអគារសិក្សាចំនួន ១ខ្នង មាន ៧បន្ទប់ បន្ទប់សិក្សាចំនួន ៥បន្ទប់ បន្ទប់កុំព្យូទ័រចំនួន ១បន្ទប់ និងការិយាល័យចំនួន ១បន្ទប់ផងដែរ។

លោកស៊ូ ម៉ុល អភិបាលស្រុកបានបន្តថា ស្រុករមាសហែកមានការរីកចម្រើននូវវិស័យអប់រំក៏ដូចជា វិស័យសុខាភិបាល ជាពិសេសវិស័យហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ភ្លើង ទឹក និងធនធានមនុស្សនេះ រួមទាំងប្រជាពលរដ្ឋមានជីវភាពល្អប្រសើរផងក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីត នាយករដ្ឋមន្រ្តី បច្ចុប្បន្ន មានសម្ដេចមហា បវរធិបតី ហ៊ុនមាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងមានការរីកចម្រើនរហូតសព្វថ្ងៃនេះ។

លោក អភិបាលស្រុក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក  ម៉ម សុវណ្ណសៅ នាយកសាខាឃុំជ្រៃធំ ដែលចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរស្រុក បានធ្វើឱ្យវិស័យអប់រំនៅស្រុករមាសហែក មានការរីកចម្រើន។

លោក អភិបាលស្រុក ក៏បានលើកឡើងពីគ្រោះថ្នាក់ដែលបណ្តាលមកពីចំណីអាហារផ្ទុកសារធាតុគីមី ត្រូវធ្វើការដាំដុះនិងចិញ្ចឹមដោយខ្លួនយើង ផ្ទាល់ បើអាច គ្រោះថ្នាក់នៃការសេពគ្រឿងញៀន គ្រឿងស្រវឹងហួសកម្រិត។ ជៀសវាងឱ្យផុតនូវការសាកល្បង ជាមួយគ្រឿងញៀន។

ពិសាភេសជ្ជៈដែលមានសារធាតុស្រវឹងក្នុងកម្រិតជួយរំលាយអាហារ និងរីករាយ សប្បាយ គឺគ្រប់គ្រាន់។

គ្រោះថ្នាក់ចរាចរណ៍ដែលផ្តើមចេញពីការមិនគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងការបើកបរធ្វេស ប្រហែស។ ត្រូវទៅរៀនបើកបរនៅសាលាដែលមានវិជ្ជាជីវៈ មានប័ណ្ណបើកបរ និងបើកបរដោយស្មារតី ប្រុងប្រយ័ត្នជានិច្ច។

គ្រោះថ្នាក់ដោយសារលេងល្បែងភ្នាល់គ្រប់ប្រភេទ។ សូមជៀសវាងសប្បាយ ឬ ចង់បានទ្រព្យសម្បត្តិ អ្នកដទៃ ដោយខ្ជិលបញ្ចេញកម្លាំងធ្វើពលកម្ម។

រួមគ្នាប្រយុទ្ធទប់ស្កាត់បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ កសាងសង្គមជាតិកម្ពុជាមួយ សន្តិសុខ និង សុខដុមនីយកម្ម គ្រោះមហន្តរាយនៃការកាប់បំផ្លាញព្រៃឈើ ជីកគាស់កាយរ៉ែ លុបបឹង ស្ទឹង ព្រែក អូរ។ 

ត្រូវរួមគ្នាថែរក្សា ធនធានធម្មជាតិ ដើម្បីជីវិតយើងថ្ងៃនេះ និងកូនចៅយើងនាពេលអនាគត។ និងរួមគ្នាស្តាឡើងវិញ ព្រែក បឹង ស្ទឹង អូរ ដែលរឹងរាក់។ ដាំដុះឈើគ្រប់ប្រភេទនៅគ្រប់ទីកន្លែងដែលអាចដាំបាន ដើម្បីភាពស្រស់ បំព្រងនៃពណ៌បៃតង និងរក្សាទឹក។

យកចិត្តទុកដាក់អប់រំសុខភាពសាធារណៈ បង្ការការពារជំងឺរាតត្បាត មនុស្ស សត្វ ជំងឺឆ្លង វិធីព្យាបាល ជំងឺ ពង្រឹងសេវាសុខាភិបាលតាមគ្រប់មណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក លើកទឹកចិត្តគ្រូពេទ្យ និង ដោះស្រាយសំណូមពរពាក់ព័ន្ធ និងសុខភាពប្រជាជន ។

លើកទឹកចិត្តគ្រូបង្រៀន សិស្សានុសិស្ស និងរំលឹកដាស់តឿនមាតាបិតាឱ្យបញ្ជូនកូនបានចូលសាលា រៀនគ្រប់ៗគ្នា និងបង្កើតវប្បធម៌ផ្តល់ព័ត៌មាន រវាងសាលានិងមាតាបិតាសិស្សានុសិស្ស អំពីស្ថានការណ៍ សិក្សា វិន័យ សីលធម៌របស់សិស្សដល់មាតាបិតា រួមគ្នាអប់រំកូនចៅឱ្យក្លាយជាកូនល្អ សិស្សល្អ ពលរដ្ឋល្អ៕

ដោយ៖ សុថាន


ចែករំលែក៖