ព័ត៌មានទាន់ហេតុការណ៍៖

លោក​ មាស វិរិទ្ធ​ ណែនាំមន្ត្រីគណបក្ស​ប្រជាជន​កម្ពុជា​គ្រប់ថ្នាក់ ឱ្យបន្តផ្សព្វផ្សាយអប់រំ នយោបាយ​លើកកម្ពស់គុណធម៌ សីលធម៌ និងសមត្ថភាពបម្រើប្រជាជន

ចែករំលែក៖

ខេត្តកំពង់ចាម៖​ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀម​ នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ មានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសនិងប្រកាសក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង១៥ នៃស្រុកកំពង់សៀម ក្រោមអធិបតីភាពដឹកនាំ លោក មាស វិរិទ្ធ សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់សៀម​ ដោយមានការអញ្ជើញចូលរួមពីក្រុមការងារគ្រប់ថ្នាក់ចុះមូលដ្ឋានទូទាំងស្រុកកំពង់សៀមដែលមានអ្នកចូលរួមជិត៥០០នាក់។ 

លោក ប៊ិន ឡាដា ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់សៀមបានស្វាគមន៍ និងរាយការណ៍ពីស្ថានភាពនិងសកម្មភាពរបស់ក្រុមការងារគ្រប់ថ្នាក់ដែលបានចូលរួមចំណែកអនុវត្តនូវគោលនយោបាយបក្សនិងរាជរដ្ឋាភិបាលអភិវឌ្ឍន៍មូលដ្ឋានបានរីកចម្រើននិងសុខដុមរមនា។ 

លោក ម៉េង ហ៊ាង អនុប្រធានគណបក្សស្រុក បានអាននូវសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសដែលជាមាគ៌ាសម្រាប់បន្តអនុវត្តសំដៅរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់និងការអភិវឌ្ឍប្រទេសបានរីកចម្រើនឆាប់រហ័សបន្ថែមទៀត។ 

ថ្លែងក្នុងនាម លោក នេត សាវឿន សមាជិកអចិន្រ្តៃយ៍គណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានខេត្តកំពង់សៀម ក្នុងឱកាសនោះ លោក មាស វិរិទ្ធ បានពាំនាំការសួរសុខទុក្ខ កោតសសើរ ថ្លែងអំណរគុណពីថ្នាក់ដឹកនាំកំពូលរបស់គណបក្សពិសេសសម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ជូនចំពោះក្រុមការងារទាំងអស់ដែលបានសាមគ្គីរួមចំណែកកសាងបាននូវសមិទ្ធផលរីកចម្រើនលើគ្រប់វិស័យ ស្របតាមគោលការណ៍ គោលនយោបាយ និងវិធានការនានារបស់គណបក្ស និងរាជរដ្ឋភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។ 

ក្នុងឱកាសនោះដែរ លោក មាស វិរិទ្ធ បានថ្លែងបន្តដោយបានណែនាំឱ្យបន្តផ្សព្វផ្សាយ អប់រំ នយោបាយដល់ជួរមន្ត្រីគណបក្សនៅគ្រប់ថ្នាក់ និងយុវជនគណបក្សលើកកម្ពស់គុណធម៌ សីលធម៌ និងសមត្ថភាពបម្រើប្រជាជន។​ បុគ្គលម្នាក់ៗទទួលខុសត្រូវ មានរបៀបរបបធ្វើការច្បាស់លាស់ ប្រជុំជីវភាពបក្ស និងរៀបចំរបាយការណ៍បានទៀងទាត់ ផ្សាភ្ជាប់ជិតស្និទ្ធជាមួយសមាជិកគណបក្ស និងមហាជន។ បន្តការចុះជួបប្រជាពលរដ្ឋ និងអ្នកគាំទ្រ ពង្រីកសមាជិកថ្មី នៅតាមមូលដ្ឋាន ផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋដែលជាទម្រង់នៃបទពិសោធន៍ ពិសេសមួយសម្រាប់កម្ពុជាក្នុងការពង្រឹងរបបពហុបក្សនិយម។ បន្តចូលរួមអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ភូមិ ឃុំ សុវត្ថិភាពនៅមូលដ្ឋានស្រុកកំពង់សៀមឱ្យមានប្រសិទ្ធភាពដោយត្រូវជ្រើសរើសភូមិ០១ ក្នុងស្រុកធ្វើជាបទពិសោធន៍ភូមិគ្មានគ្រឿងញៀនហើយពង្រីកបទពិសោធន៍ជោគជ័យទៅបណ្តាភូមិផ្សេងៗទៀត។ 

ក្នុងកិច្ចប្រជុំនោះ មានការប្រកាសសមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានតាមបណ្តាឃុំទាំង១៥ ទូទាំងស្រុកកំពង់សៀម ដែលមានប្រជាពលរដ្ឋជាអ្នកបោះឆ្នោតជិត៦ម៉ឺននាក់នៅឆ្នាំ២០២៣៕

ដោយ​៖ តារា​


ចែករំលែក៖