ខេត្តក្រចេះ ៖ សូមស្វាគមន៍ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅលេងកម្សាន្តសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដែលមានចម្ងាយ១៧គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ។
សក្តានុពលទេសចរណ៍សំខាន់ៗរបស់សហគមន៍រួមមាន ព្រៃឈើ សត្វស្លាប កោះតូចធំ សត្វព្រៃ(សត្វក្តាន់) ទេសភាពព្រៃលិចទឹកទន្លេមេគង្គ ភ្ញៀរទេសចរ អាចជិះទូកមើលទេសភាពព្រៃលិចទឹក ទស្សនាសត្វស្លាប សម្រាកលំហែរ និងពិសារអាហារជួបជុំ ងូតទឹកកម្សាន្ត ស្ទួចត្រី និងជាពិសេសនោះគឺ ការបោះតង់។ ពិតជាមិនជិនណាយឡើយ បើបានទៅកម្សាន្តម្តងហើយ នឹងទៅបន្តទៀត គឺឆក់ក្រសែភ្នែកយើងខ្លាំងណាស់។
សូមបញ្ជាក់ថា ៖ ខេត្តក្រចេះមានសត្វផ្សោតទន្លេមេគង្គ មានសំណង់អគារវ័យចំណាស់សល់ពីសម័យអាណានិគមនិយមបារាំង និងជាដែនដីដែលពោរពេញដោយប្រវត្តិសាស្ត្រយូរលង់។ ដូច្នេះរដ្ឋបាលខេត្តបាននិងកំពុងយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍតំបន់រមណីយដ្ឋានទេសចរណ៍ទាំង១៩កន្លែង ក្នុងនោះរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ៥កន្លែង រមណីយដ្ឋានធម្មជាតិ១៣កន្លែង និងរមណីយដ្ឋានវប្បធម៌ធម្មជាតិ១កន្លែង។
ជាពិសេសខិតខំពព្រឹងសហគមន៍អេកូទេសចរណ៍ទាំង០៥កន្លែងរួមមាន៖ សហគមន៍អេកូទេសចរណ៍កោះទ្រង់ កោះផ្តៅ កោះដំបង ជួរតាចោរក្រហមករ និងសហគមន៍អេកូទេសចរណ៍កោះសាមសិប ពិសេសការអភិវឌ្ឍតំបន់ទេសចរណ៍សត្វផ្សោតទន្លេមេគង្គ និងសហគមន៍អេកូទេសចរណ៍កោះព្រហ្មចារីជ្រោយបន្ទាយ ស្ថិតនៅក្នុងឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វ ដែលមានចម្ងាយ១៧គីឡូម៉ែត្រពីទីរួមខេត្តក្រចេះ ៕
ដោយ ៖ សិលា