សារព័ត៌មាន Reutersបានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យរបស់តៃវ៉ាន់នោះទេ បន្ទាប់ពីប្រជាជនតៃវ៉ាន់បោះឆ្នោតជ្រើសរើសមនុស្សម្នាក់ដែលប៉េកាំងចាត់ទុកជាបន្លានៅក្នុងភ្នែក ជាមេដឹកនាំថ្មីរបស់ ពួកគេ។
លទ្ធផលបោះឆ្នោតសកលកាលពីថ្ងៃសៅរ៍ បានបង្ហាញថា លោក Lai Ching-te មកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែលជាបក្សកាន់អំណាច តៃវ៉ាន់សព្វថ្ងៃ គឺជាអ្នកទទួលបានជ័យជម្នះ ខណៈដែលគូប្រជែងរបស់លោកមកពីគណបក្សប្រឆាំងទាំង២ បានទទួលស្គាល់បរាជ័យ នៅចំពោះមុខក្រុមអ្នកគាំទ្ររបស់ពួកគេរៀងៗខ្លួន។
តាមលទ្ធផលបោះឆ្នោត លោក Lai Ching-te ទទួលបានសំឡេងគាំទ្រ ៤០.២ភាគរយ រីឯលោក Hou Yu-ih មកពីគណបក្សប្រឆាំង Kuomintang KMT ទទួលបានសំឡេងគាំទ្រ ៣៣.៤ភាគរយ ហើយលោក Ko Wen-je មកពីគណបក្សប្រជាជនតៃវ៉ាន់ (TPP) ទទួលបានសំឡេងគាំទ្រ ២៦.៤ភាគរយ។ តាមរយៈជ័យជម្នះនេះ លោក Lai Ching-te នឹងត្រូវក្លាយជាមេដឹកនាំតៃវ៉ាន់ថ្មីជំនួសលោកស្រី Tsai Ing-wen ដែលត្រូវផុតអាណត្តិ ដោយលោកនឹងត្រូវ ស្បថចូលកាន់តំណែងនៅខែឧសភាខាងមុខ។
ជុំវិញការបោះឆ្នោតនៅតៃវ៉ាន់នេះដែរ នៅពេលត្រូវបានសាកសួរថាតើលោកមានប្រតិកម្មបែបណា? លោក ចូ បៃដិន បានបញ្ជាក់យ៉ាងខ្លីថា «យើងមិនគាំទ្រឯករាជ្យ (របស់តៃវ៉ាន់) នោះទេ»។ តែយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានផ្ញើសារអបអរសាទរជ័យជម្នះរបស់លោក Lai ហើយថា អាមេរិកមានការប្ដេជ្ញាក្នុងការថែរក្សាសន្តិភាព និងស្ថិរភាពនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ រួមទាំងការដោះស្រាយការខ្វែងគំនិតគ្នាដោយសន្តិវិធី មិនមានការសម្លុតគំរាម និងការដាក់សម្ពាធឡើយ។
លោក Antony Blinken បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងសម្លឹងមើលការធ្វើការជាមួយលោក Lai Ching-te ក៏ដូចជាមេដឹកនាំ គណបក្សនយោបាយទាំងអស់របស់តៃវ៉ាន់ ដើម្បីបន្តលើកកម្ពស់ទំនាក់ទំនងក្រៅផ្លូវការដ៏យូរអង្វែងរវាងសហរដ្ឋអាមេរិកនឹងតៃវ៉ាន់ អនុលោមតាម «គោលនយោបាយចិនតែមួយ» របសសហរដ្ឋអាមេរិក៕
ដោយ៖ ធីរីណា(រូបថត៖ AP)