សារព័ត៌មាន AFP បានផ្សាយថា យោធាកូរ៉េខាងត្បូងបានឱ្យដឹងថាកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលបាលិស្ទីគមួយគ្រាប់ចូលសមុទ្រខាងកើតនៅថ្ងៃអាទិត្យទី១៤ ខែមករានេះ ប៉ុន្មានថ្ងៃក្រោយទីក្រុងព្យុងយ៉ាងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅក្បែរតំបន់ព្រំដែនទឹកកំពុងមានវិវាទជាមួយកូរ៉េខាងត្បូង។
នៅក្នុងសេចក្ដីថ្លែងការណ៍ យោធាកូរ៉េខាងត្បូងបានគូសបញ្ជាក់ដូច្នេះថា «កូរ៉េខាងជើងបានបាញ់មីស៊ីលបាលិស្ទីគមិនទាន់ស្គាល់ម៉ាកមួយគ្រាប់ឆ្ពោះទៅកាន់តំបន់ សមុទ្រខាងកើតឬសមុទ្រជប៉ុន»។ ប៉ុន្តែមិនបានបញ្ជាក់អ្វីលម្អិតលើសពីនេះនោះទេ ខណៈឆ្មាំសមុទ្រជប៉ុនក៏បានអះអាងដែរពីការចាប់សញ្ញាថាមានវត្ថុមិនស្គាល់អត្តសញ្ញាណដែលទំនងអាចជាមីស៊ីលបាលិស្ទីគ ត្រូវបានបាញ់ចេញពីកូរ៉េខាងជើង និងបានព្រមានឱ្យទូកឬកប៉ាល់ទាំងអស់មានការប្រុងប្រយ័ត្ន។
ការធ្វើតេស្ដមីស៊ីលចុងក្រោយបំផុត របស់កូរ៉េខាងជើងគឺធ្វើឡើងកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយនៅពេលនោះទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដមីស៊ីលបាលិស្ទីគ ICBM ប្រើឥន្ធនៈរឹង Hwasong-18៕ ដោយ៖ ធីរីណា
រូបថត៖ Reuters