សារព័ត៌មាន AFP បានផ្សាយថា សង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្កាហ្សាបានចូលដល់ថ្ងៃទី១០០ហើយ នៅថ្ងៃអាទិត្យ ទី១៤ ខែមករានេះ ខណៈដែលនាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានប្ដេជ្ញាថាគ្មាននរណាម្នាក់អាចបញ្ឈប់អ៉ីស្រាអែល មិនឱ្យកម្ទេចក្រុមហាម៉ាស់បានឡើយ។
លោក Netanyahu ធ្វើការកត់សម្គាល់បែបនេះក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសៅរ៍ ទី១៣ ខែមករា។ នាយករដ្ឋមន្ត្រីអ៉ីស្រាអែលរូបនេះបានគូសបញ្ជាក់ដូច្នេះថា «គ្មាននរណាម្នាក់អាចបញ្ឈប់ពួកយើងបានឡើយ ហើយមិនថាតុលាការឡាអេ សម្ព័ន្ធបិសាចឬក៏នរណាក៏ដោយក៏មិនអាចបញ្ឈប់ពួកយើងបានដែរ»។
ការលើកឡើងរបស់លោក Netanyahu ទៀតសោតក៏ចង់សំដៅផងដែរលើរឿងក្ដីដែលអាហ្វ្រិកខាងត្បូងប្ដឹងអ៉ីស្រាអែល ឡើងតុលាការយុត្តិធម៌អន្តរជាតិ ជុំវិញការចោទប្រកាន់ថាអ៉ីស្រាអែលបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ប្រឆាំងជនជាតិប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។ តែអ៉ីស្រាអែលបានច្រានចោល ការចោទប្រកាន់បែបនេះ។
បើតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្កាហ្សា ការវាយប្រហាររបស់អ៉ីស្រាអែលទាំងតាមជើងគោកនិងអាកាស បានសម្លាប់មនុស្ស ២៣,៨៤៣នាក់ នៅក្នុងតំបន់ហ្កាហ្សា ក្នុងនោះភាគច្រើនជាជនស៊ីវិល ចាប់តាំងពីកងទ័ពអ៉ីស្រាអែលធ្វើសង្រ្គាមប្រឆាំងនឹងក្រុមហាម៉ាស់ដែលបានសម្លាប់មនុស្ស ១,១៤០នាក់ ក្នុងការវាយប្រហារលើភាគខាងត្បូងរបស់អ៉ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ព្រមទាំងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង៕ ដោយ៖ ធីរីណា
រូបថត៖ Al Jazeera