ខេត្តសៀមរាប ៖ កម្ពុជា និងចិន បានរៀបចំរៀបពិធីបើក ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ នាថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ក្នុង បរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប។ ក្នុងពិធីនេះរៀបចំដោយក្រសួងទេសចរណ៍ និងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិនក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងលោក លី សូឡី (Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិន ព្រមទាំងវត្តមានអញ្ជើញចូលរួមពីសំណាក់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈផងដែរ។
ជាការណ៍ពិត ទំនាក់ទំនងរវាងប្រទេស និងប្រជាជនទាំងពីរ បានចាប់ផ្តើម និងចាក់ឫសយ៉ាងជ្រៅនៅ ក្នុងប្រវត្តិសាស្ត្រដ៏យូរលង់ណាស់មកហើយ។ ក្រោយមក ក្រោមការដឹកនាំរបស់ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរបរមរតនកោដ្ឋ និងលោកប្រធាន ម៉ៅ សេទុង ប្រទេសយើងទាំងពីរ កម្ពុជា-ចិន បានផ្សារភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា កាន់តែស្អិតរមួត រៀងរហូតមក។ ក្នុងស្មារតីបន្តមរតកនៃទំនាក់ទំនងដ៏ស្អិតរមួតនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រកម្ពុជា បានខិតខំបន្តពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី ជាមួយថ្នាក់ដឹកនាំចិន ជាបន្តបន្ទាប់ រហូតបានលើកកម្ពស់ទំនាក់ទំនងនេះទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ចាប់តាំងពីឆ្នាំ២០១០។
ក្នុងន័យនេះ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាអ្នកដឹកនាំជំនាន់ក្រោយ ដែលបន្តវេនដឹកនាំនាវាកម្ពុជានាពេលបច្ចុប្បន្ន បានបន្តគាំទ្រយ៉ាងពេញទំហឹងដោយឥតរារែកនូវគំនិតផ្តួចផ្តើមស្ដីពី “យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិរបស់រដ្ឋាភិបាលចិន។ បន្ថែមពីលើនេះ ក្នុងនាមជាដៃគូនៃកិច្ចសហប្រតិបត្តិការ ត្បូងពេជ្រ កម្ពុជា និងចិន បន្តមានទំនាក់ទំនងមិត្តភាពជាប្រពៃជាដ៏ល្អប្រសើរ និងមានកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ ហើយកំពុងរីកចម្រើនលើវិស័យនានាជាច្រើន។ ការប្រាស្រ័យទាក់ទងគ្នាយ៉ាងស្អិតរមួត និងការ ផ្លាស់ប្តូរទស្សនកិច្ចដ៏មមាញឹកគ្រប់ជាន់ថ្នាក់ក្នុងបណ្តាឆ្នាំថ្មីៗនេះ ជាពិសេសដំណើរទស្សនកិច្ចផ្លូវការរបស់ខ្ញុំ ជាលើកដំបូងក្នុងឋានៈជានាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសចិន រដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៤-១៧ ខែកញ្ញា ឆ្នាំ២០២៣ កន្លងទៅនេះ ដោយខ្ញុំបានជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន។ ជាលទ្ធផល ភាគីទាំងពីរបានប្រកាសបង្ហាញជំហរដូចគ្នាយ៉ាងម៉ឺងម៉ាត់ ក្នុងការបន្តរក្សាកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ការពារគ្នាទៅវិញទៅមក ព្រមទាំងការសម្រេចរួមគ្នា «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន ២០២៤»។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់គណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរកិច្ចជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ ១០០០នាក់ អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ក៏នឹងមាន ការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ដែលជាការបង្ហាញនូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាង ទស្សនីយភាពសិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិត ទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ៕
ដោយ ៖ សិលា