ទីក្រុងប៉ារីស ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា អំឡុងពេលជំងឺរាតត្បាត សេដ្ឋកិច្ចត្រូវបានផ្អាក ហើយមនុស្សជាច្រើនបានបាត់បង់ការងារ បន្ទាប់ពីនោះសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនបានធ្វើអោយវិបត្តិថាមពលនៅអឺរ៉ុបធ្លាក់ចុះ។ ពិតណាស់ សេដ្ឋកិច្ចយើងកើនឡើងមួយចំនួន ប៉ុន្តែវាប៉ះពាល់មួយចំនួន និងវិបត្តិថាមពលផ្សេងៗ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ៖ ប្រជាកសិករសប្បាយចិត្តរឿងស្រូវឡើងថ្លៃ ប៉ុន្តែអ្នកប្រើប្រាស់ព្រួយបារម្ភរឿងអង្ករឡើងថ្លៃវិញ ដូច្នេះរាជរដ្ឋាភិបាលត្រូវមានវិធានការដោះស្រាយក្នុងកម្រិតណាមួយ។ ទោះបីជាយ៉ាងណាក៏ដោយ សម្ពាធអតិផរណាបានប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជាផងដែរ ដូច្នេះរាជរដ្ឋាភិបាលក៏មានគោលការណ៍ឧបត្ថម្ភសាច់ប្រាក់បន្ថែមសម្រាប់គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណាដែលអនុវត្តចាប់ពីចុងឆ្នាំ ២០២២ មកដល់ពេលនេះអ្នកដែលទទួលផលប្រយោជន៍ពីការជួយនេះ មានចំនួនជាង ៤៩ ម៉ឺនគ្រួសារ គិតជាប្រជាពលរដ្ឋ ១,៨សែននាក់ដែលរាជរដ្ឋាភិបាលជួយបន្ថែមតទៅទៀត។
នៅក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាលជាមួយបងប្អូនខ្មែរនៅអឺរ៉ុបប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រដ្ឋមិនមានលុយច្រើនទេ ហើយរដ្ឋក៏មិនអត់ទឹកចិត្តដែរ តិចក្តីច្រើនក្តីរាជរដ្ឋាភិបាលត្រូវជួយប្រជាពលរដ្ឋ។
នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កម្ពុជានៅឆ្នាំ២០២៦ នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់ហ្វូកូនី(CMF)ដោយទទួលបានការគាំទ្រពីប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron)។
សម្តេចធិបតីបញ្ជាក់ថា៖«នៅឆ្នាំ២០២៦ នៅខាមុខនេះ យើងនឹងធ្វើជាម្ចាស់ផ្ទះ ឥឡូវនេះយើងកំពុងដាក់ពាក្យធ្វើជាបេក្ខជនធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រជុំកំពូលហ្វ្រង់ហ្វូកូនី ហើយប្រធានាធិបតីបារាំង លោក ម៉ាក្រុង គាត់បានផ្តល់ការគាំទ្រដំបូង។ អ៊ីចឹងជាមោទនភាពរបស់យើងក្នុងនាមជាប្រទេសហ្វ្រង់កូហ្វូនី នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វ្រង់កូហ្វូនីមិនច្រើនទេមានយើង មានឡាវ និងវៀតណាម»។
សម្តេចធិបតី បានលើកឡើងថា ៖ កម្ពុជានឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ការទូត វប្បធម៌ និងទំនាក់ទំនងផ្នែកផ្សេងៗសំដៅលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស៕
ដោយ ៖ សិលា