ព័ត៌មានទាន់ហេតុការណ៍៖

បញ្ចប់ការបោះឆ្នោតតៃវ៉ាន់ភ្លាម ប្រតិភូអាមេរិកទៅជួបមេដឹកនាំថ្មីនៃកោះនេះ បង្ហាញការគាំទ្រ

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៥ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា នាថ្ងៃចន្ទនេះ មេដឹកនាំតៃវ៉ាន់ចប់អាណត្តិ គឺលោកស្រី Tsai Ing-wen បានជួបពិភាក្សាជាមួយ គណៈប្រតិភូសហរដ្ឋអាមេរិក ដែលបានធ្វើដំណើរមកដល់ដែនកោះនេះ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី ដែលបេក្ខជនរបស់បក្សកាន់អំណាចបច្ចុប្បន្ន គឺជាអ្នកទទួលជ័យជម្នះ និងត្រូវបានទីក្រុងប៉េកាំង ថ្កោលទោសជាបុគ្គលដ៏គ្រោះថ្នាក់ ដែលអាចនឹងនាំសង្រ្គាមមកឱ្យកោះតៃវ៉ាន់។ប្រតិភូអាមេរិកខាងលើ រួមមានទាំងអតីតទីប្រឹក្សាសន្តិសុខជាតិម្នាក់ និងអតីតអនុរដ្ឋមន្រ្តីការបរទេសម្នាក់ ហើយត្រូវបានដឹកនាំដោយ ប្រធានវិទ្យាស្ថានអាមេរិកប្រចាំតៃវ៉ាន់ ដែលបម្រើជាស្ថានទូតក្រៅផ្លូវការរបស់សហរដ្ឋអាមេរិក ប្រចាំនៅដែនកោះនេះ។ នៅក្នុងជំនួបនោះ លោកស្រី Tsai បានលើកឡើងថា ទស្សនកិច្ចនេះស្តែងឱ្យឃើញពី ភាពជាដៃគូយ៉ាងរឹងមាំ និងជិតស្និទ្ធរបស់អាមេរិកជាមួយតៃវ៉ាន់ ខណៈក្រុមអតីតមន្រ្តីអាមេរិក បានអះអាងថា ការប្តេជ្ញារបស់អាមេរិកចំពោះកោះតៃវ៉ាន់ នៅតែរឹងមាំដូចថ្ម។ ប្រតិភូអាមេរិក ក៏បានជួបមេដឹកនាំជាប់ឆ្នោតតៃវ៉ាន់ លោក Lai Ching-te ផងដែរ ដែលបានអរគុណទីក្រុងវ៉ាស៉ីនតោន សម្រាប់ការគាំទ្រចំពោះលទ្ធិប្រជាធិបតេយ្យ របស់ដែនកោះនេះ។
ខណៈរដ្ឋាភិបាលអាមេរិក បានសម្តែងការចូលរួមអបអរសាទរ ចំពោះជ័យជម្នះរបស់លោក Lai ក្នុងការបោះឆ្នោតជ្រើសរើសមេដឹកនាំតៃវ៉ាន់ថ្មី កាលពីខែសៅរ៍ចុងសប្តាហ៍មុនក៏ដោយ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចេញមុខអះអាងថា សហរដ្ឋអាមេរិកមិនគាំទ្រឯករាជ្យតៃវ៉ាន់ឡើយ។ ចំណែក ចិនដែលចាត់ទុកកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បានចេញមុខបញ្ជាក់ឡើងវិញថា ការបង្រួបបង្រួមជាតិ គឺជារឿងមិនអាចចៀសរួចនោះទេ ក្រោយតៃវ៉ាន់រើសបានមេដឹកនាំថ្មី។ លោក Lai Ching-te នឹងឡើងកាន់អំណាចជាផ្លូវការ បន្តពីលោកស្រី Tsai Ing-wen នៅថ្ងៃទី២០ ខែឧសភា៕ ដោយ៖ ធីរីណា

រូប​ថត​៖ CNA


ចែករំលែក៖