ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងអប់រំ យុវជន និងកីឡា បើកកិច្ចប្រជុំផែនការសកម្មភាពអាទិភាពឆ្នាំ ២០២៤

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃ១៦ ខែមករា ឆ្នាំ២០២៤លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានដឹកនាំកិច្ច ប្រជុំស្ដីពី ផែនការសកម្មភាពអាទិភាពឆ្នាំ២០២៤ ដោយបមានការចូលរួមពីឯកឧត្តម លោកជំទាវ អគ្គនាយក អគ្គនាយករង មន្ត្រីមកពីគ្រប់នាយកដ្ឋាន ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចប្រជុំនេះ ពិភាក្សាផ្តោតលើរបៀបវារៈចំនួន២គឺ៖ របាយការណ៍សង្ខេបផែនការសកម្មភាពអាទិភាព ឆ្នាំ២០២៤ របស់អង្គភាព និងការគ្រោងថវិកាតាមអង្គភាព។ ក្នុងឱកាសនេះបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ឱ្យអង្គភាពនីមួយៗត្រួតពិនិត្យផ្ទៃក្នុង វិភាគលទ្ធផលសម្រេចបានក្នុងឆ្នាំចាស់ វាយតម្លៃខ្លួនឯងឱ្យម៉ត់ចត់ និងដាក់ផែនការប្រកបដោយប្រសិទ្ធ ភាព និងប្រសិទ្ធផលខ្ពស់ តបតាមអនុសាសន៍ របស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា ដែលបានលើកឡើងថា អាណត្តិនេះ គឺដំណាក់កាលពង្រឹងអ្វីដែលមានស្រាប់ជាជាងពង្រីក។ 

ការពង្រឹងអភិបាលកិច្ចមានកិច្ចការសំខាន់២៖ ប្រព័ន្ធការងារ និងធនធានមនុស្ស ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដែលបន្តយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជា។ ជាក់ស្ដែងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ផ្ដល់អាទិភាពលើការពង្រឹងគុណភាពវិស័យអប់រំ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងការបន្តកែទម្រង់សាលារដ្ឋ ដោយផ្ដោតលើការពង្រឹងសមិទ្ធផលដែលមានស្រាប់ការជម្រុញការបង្កើតសាលារៀនគំរូការពង្រឹងនអភិបាលកិច្ច និងប្រសិទ្ធភាពគ្រប់គ្រងនៅមន្ទីរអប់រំ  យុវជន និងកីឡា ព្រមទាំងជម្រុញឱ្យមានការចូលរួម យ៉ាងសកម្មពីមាតាបិតា សហគមន៍ និងវិស័យឯកជន៕

ដោយ៖ សូរិយា


ចែករំលែក៖