ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០៤នេះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់,លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក,លោក នាយឧត្ដមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងលោក ប៉េង ពោធិ៍ សាអភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជអធិបតីក្នុងពិធីសំណេះសំណាល និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ២០០គ្រួសារនៃអតីតយុទ្ធជន ស្ថិតនៅឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
ក្នុងឱកាសនោះ លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី បានថ្លែងទៅកាន់បងប្អូនប្រជាពលរដ្ឋ ម្ចាស់អចលនវត្ថុជូនសម្បទានិកគ្រួសារនៃអតីតយុទ្ធជន ថា នេះជាគម្រប់៤០ឆ្នាំនៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ហើយការវាស់វែងដីចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ មានន័យថាបានបញ្ចប់វិវាទ និងទំនាស់ក្នុងមូលដ្ឋាន ថែមទាំងបំពេញតម្រូវការចាំសម្រាប់ប្រើប្រាស់បងប្អូនតាមផ្លូវច្បាប់ផងដែរ។
លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដោយបានដាក់ចេញ យុទ្ធសាស្ត្រ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង ចីរភាព ព្រមទាំងបានកំណត់យកអាទិភាពគន្លឹះ ៥គឺមនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេក វិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល សម្រាប់ឆ្លើយតប ទៅនឹងបដិវត្តឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គម។
ទន្ទឹមនេះ ការគ្រប់គ្រង និងការធ្វើទំនើបកម្ម នគររូបនីយកម្ម ជាមុំមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដោយបន្តដំណើការកែទម្រង់ដីធ្លី ជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីក្រៅប្រព័ន្ធតុលាការ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លីឱ្យបានត្រឹមត្រូវ កាត់បន្ថយវិវាទឱ្យកាន់តែមានប្រសិទ្ធភាព។
សូមបញ្ជាក់ថា ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទានិកចំនួន ២០០គ្រួសារនៃអតីតយុទ្ធជន រួមមាន៖
គ្រួសារពលី ២៤ នាក់ ស្រី ២៣នាក់ ,គ្រួសារមរណៈ ៧នាក់ ស្រី ៧នាក់ ,គ្រួសារបាត់បង់ ៣នាក់ ស្រី ០,គ្រួសារពិការ ៧០នាក់ ស្រី ១នាក់ ,គ្រួសារនិវត្តជន ២៩នាក់ ស្រី ៣នាក់ ,គ្រួសារយោធា ២៥នាក់ ស្រី ១នាក់ ,គ្រួសារប៉ូលីស ៣៦នាក់ ស្រី០និងគ្រួសារកងរាជអាវុធហត្ថ ៦នាក់ ស្រី០៕
ដោយ៖ សុថាន