ព័ត៌មានទាន់ហេតុការណ៍៖

ឃុំខ្លួនជនជួញដូរគ្រឿងញៀនជាង ២គីឡូក្រាម នៅពន្ធនាគារជាបណ្តោះអាសន្ន

ចែករំលែក៖

ភ្នំពេញ​៖​ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទ៣នាក់នៅពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ជាផ្លូវការពីបទប្រើប្រាស ជួញដូរដោយខុសច្បាប់នូវសាធាតុញៀន។

សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យចំនួន ០៣នាក់ រួមនឹងវត្ថុតាងគ្រឿងញៀនជាង ២គីឡូក្រាមទៅសាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបានបង្ក្រាបក្នុងរាជធានីភ្នំពេញនិងពន្លាតដែនសមត្ថកិច្ចទៅបង្ក្រាបដល់ខេត្តកំពង់ស្ពឺ។

ជនត្រូវចោទទាំង៣នាក់រួមមាន ១- ឈ្មោះ ចាន់ ណារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ, ២-ឈ្មោះ នឹង ចាន់ជំនោរ ហៅឆេកូ ភេទប្រុស អាយុ៤០ឆ្នាំ, ៣- ឈ្មោះ សាន ម៉ៅ ហៅហ្គាស់ ភេទប្រុស អាយុ៤៣ឆ្នាំ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនកងរាជអាវុធហត្ថរាជធានីភ្នំពេញចុះឃាត់ខ្លួនជាក់ស្ដែងកាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ក្នុងបន្ទប់ជួលភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដោយចាប់យកបានវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា ចំនួន២១កញ្ចប់(៤កញ្ចប់ធំ) សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន​(ដបកែច្នៃ) ជញ្ជីងថ្លឹង០២គ្រឿង សម្ភារ:វេចខ្ចប់និងថង់ច្រកមួយចំនួន។ បន្ទាប់មកដោយបានការសម្របសម្រួលពីលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាតឱ្យកម្លាំងជំនាញការិយាល័យ ប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញធ្វើការពន្លាតសមត្ថកិច្ចដែនដីទៅខេត្តកំពង់ស្ពឺ ដោយបានសហការជាមួយកម្លាំងជំនាញអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះធ្វើការឆែកឆេរដល់ផ្ទះជនសង្ស័យ សាន ម៉ៅ ហៅហ្គាស់ ជាមេខ្លោងជួញដូរគ្រឿងញៀន ស្ថិតនៅភូមិស្រែចិន្តា សង្កាត់ព្រះស្រែ ស្រុកឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ រកឃើញវត្ថុតាងដែលជនសង្ស័យបានកប់លាក់ទុកក្នុងដី នូវក្រាមពណ៌សថ្លាចំនួន១០កញ្ចប់ធំបន្ថែមទៀត ដែលសរុបមុនក្រោយ កងរាជអាវុធហត្ថរាជធានីភ្នំពេញដកហូតបានក្រាមពណ៌សថ្លាចំនួន៣១កញ្ចប់តូចធំ ស្មើនឹងជាង ២គីឡូក្រាម (២០៤០,៩១ក្រាម)៕

ដោយ៖ រ៉ារ៉ា


ចែករំលែក៖