ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា ៖ ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិននៅតែបន្តឥទ្ធិពលគ្របដណ្តប់មកលើភាគឦសានជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤៖
១-តំបន់វាលទំនាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី។
២-តំបន់ខ្ពង់រាប ៖
⁃ សីតុណ្ហភាពអប្បបរមាពី១៦-២៣°C សីតុណ្ហភាពអតិបរមាពី៣៣-៣៥°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី២-៤ម៉ែត្រ/វិនាទី
⁃ ខេត្តមណ្ឌលគិរី រតនគិរី ខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ ធាតុអាកាសត្រជាក់នៅពេលព្រឹក ជាមួយនឹងសីតុណ្ហភាពអប្បបរមាពី១៦-១៩°C។
៣-តំបន់មាត់សមុទ្រ ៖
⁃ សីតុណ្ហភាពអប្បបរមាពី២៣-២៥°C និងសីតុណ្ហភាពអតិបរមាពី៣២-៣៤°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី០,៥០-១,២៥ម៉ែត្រ។
អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន។ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុងភូមិសាស្ត្រ ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន សូមប្រុងប្រយ័ត្នថែរក្សាសុខភាព ចំពោះធាតុអាកាសត្រជាក់ ដោយស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕
ដោយ ៖ សិលា