ព័ត៌មានទាន់ហេតុការណ៍៖

រុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតបារាំងជុំវិញទាហានស៊ីឈ្នួលនៅអ៊ុយក្រែន

ចែករំលែក៖

រុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតបារាំងដោយចោទប្រកាន់បារាំងថាមានទាហានស៊ីឈ្នួលនៅអ៊ុយក្រែនដោយនិយាយថា កងទ័ពម៉ូស្គូបានបំផ្លាញទាហានបារាំងនៅខេត្តខាគីវ (អ៊ុយក្រែន)។
កាលពីថ្ងៃទី១៨ ខែមករា ក្រសួងការបរទេសរុស្ស៊ីបានកោះហៅឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅរុស្ស៊ី-លោក Pierre Levy ទាក់ទងនឹងការចោទប្រកាន់ថាមានវត្តមានទាហានស៊ីឈ្នួលបារាំងនៅអ៊ុយក្រែន។
ទីភ្នាក់ងារសារព័ត៌មាន TASS បានដកស្រង់សម្តីអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova ថា “ពាក់ព័ន្ធនឹងការបំផ្លាញទីតាំងដាក់ពង្រាយបណ្តោះអាសន្ននៃយុទ្ធជនបរទេសនៅ Kharkov ដោយកងកម្លាំងប្រដាប់អាវុធរុស្ស៊ី រួមទាំងជនជាតិបារាំងជាច្រើននាក់នោះ ឯកអគ្គរដ្ឋទូតបារាំងត្រូវបានកោះហៅទៅកាន់ក្រសួងការបរទេស”។
មុននេះ កាលពីថ្ងៃទី ១៧ ខែមករា រុស្ស៊ីបាននិយាយថា ខ្លួនបានវាយប្រហារយ៉ាងត្រឹមត្រូវលើអគារលំនៅឋាន “អ្នកប្រយុទ្ធបរទេស” នៅទីក្រុង Kharkiv (អ៊ុយក្រែន)។ យោងតាមក្រសួងការពារជាតិរុស្ស៊ី យុទ្ធជនភាគច្រើនជាទាហានស៊ីឈ្នួលបារាំង ហើយអគារនេះត្រូវបានបំផ្លាញ ដោយបានសម្លាប់មនុស្សជាង៦០នាក់។
បន្ទាប់ពីរុស្ស៊ីកោះហៅឯកអគ្គរដ្ឋទូតបារាំងមក កាលពីថ្ងៃទី១៨ ខែមករា បារាំងបានបដិសេធព័ត៌មានពីរុស្ស៊ីថា មិនមានទាហានស៊ីឈ្នួលបារាំងនៅអ៊ុយក្រែននោះទេ បន្ទាប់ពីក្រសួងការពារជាតិរុស្ស៊ីបានប្រកាសថា ខ្លួនបានបំផ្លាញទាហានស៊ីឈ្នួល «រាប់សិបនាក់» របស់បារាំងក្នុងខេត្ត Kharkiv។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters .
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសបារាំង “បារាំងជួយអ៊ុយក្រែនតាមរយៈការផ្តល់ការផ្គត់ផ្គង់យោធា និងការបណ្តុះបណ្តាលយោធា ដោយអនុលោមតាមច្បាប់អន្តរជាតិ ដើម្បីជួយអ៊ុយក្រែនក្នុងការប្រយុទ្ធរបស់ខ្លួនដើម្បីការពារអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដី។ ខុសពីប្រទេសមួយចំនួនទៀត បារាំងគ្មានទាហានស៊ីឈ្នួលនៅអ៊ុយក្រែន ឬកន្លែងណាផ្សេងទៀតទេ» ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖