ភ្នំពេញ៖ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ បានចេញសេចក្តីជូនដំណឹង ស្តីពី ការជ្រើសរើសមន្ត្រី សម្រុះសម្រួលដោះស្រាយវិវាទនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ចំនួន៣០រូប។
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ជ.ក) សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា៖ អជកនឹងធ្វើការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ ចំនួន ៣០ រូប ពីក្នុងចំណោម បេក្ខជនដែលមានសញ្ជាតិខ្មែរ និងមិនធ្លាប់ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ព្រមទាំងមានគុណវុឌ្ឍណាមួយ ដូចខាងក្រោម៖
១- អតីតចៅក្រម អតីតព្រះរាជអាជ្ញា អតីតក្រឡាបញ្ជី ឬអតីតអាជ្ញាសាលា ដែលបានប្រកបវិជ្ជាជីវៈ រយៈពេល យ៉ាងតិច ៣ ឆ្នាំ។
២- មេធាវី ឬសារការី ដែលបានប្រកបវិជ្ជាជីវៈ រយៈពេលយ៉ាងតិច ៣ ឆ្នាំ។
៣- សមាជិកក្រុមប្រឹក្សាអាជ្ញាកណ្តាល ឬមជ្ឈត្តករ ដែលមានបទពិសោធន៍ការងារដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ រយៈពេលយ៉ាងតិច ៣ ឆ្នាំ។
៤- ឥស្សរជន ឬមន្ត្រីសាធារណៈ ដែលមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការដោះស្រាយវិវាទ រយៈពេល យ៉ាងតិច ៣ ឆ្នាំ។
៥- បុគ្គលដែលមានសញ្ញាបត្រ ឬវិញ្ញាបនបត្រជំនាញសម្រុះសម្រួលដោះស្រាយវិវាទ ដែលទទួលស្គាល់ដោយ ក្រសួងយុត្តិធម៌។
៦- បុគ្គលដែលមានសញ្ញាបត្រចាប់ពីបរិញ្ញាបត្រឡើងទៅ និងមានបទពិសោធន៍ការងារពាក់ព័ន្ធនឹងការដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ រយៈពេលយ៉ាងតិច ៣ ឆ្នាំ។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចមកទទួលយកពាក្យសុំចូលជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៅអគ្គលេខាធិការដ្ឋាននៃ អជ.ក. ឬទាញយកតាមរយៈ QR Code ដែលមានបង្ហាញនៅផ្នែកខាងក្រោមនៃសេចក្តី- ជូនដំណឹងនេះ ហើយត្រូវបំពេញពាក្យសុំ និងយកមកដាក់ដោយផ្ទាល់នៅអគ្គលេខាធិការដ្ឋាននៃ អជកមាន ទីតាំងស្ថិតនៅជាន់ទី១ នៃអគាររដ្ឋបាលពហុបំណងនៃវិស័យយុត្តិធម៌ក្នុងបរិវេណបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលមានអាសយដ្ឋាននៅមហាវិថីឈ្នះឈ្នះ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
សម្រាប់កាលបរិច្ឆេទនៃការឈប់ទទួលពាក្យសុំ៖ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០ នាទី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន៕
ដោយ៖ តារា