ភ្នំពេញ៖ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញដំណឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ស្តីពីវិធានការបង្ការអគ្គីភ័យក្នុងចម្ការកៅស៊ូនៅរដូវស្លឹកឈើជ្រុះ និងអំពាវនាវម្ចាស់ចម្ការកៅស៊ូទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ក្នុងការសម្អាតចម្ការឲ្យស្អាតបាត។
ក្នុងសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋានកៅស៊ូ បានលើកឡើងថា ជាទូទៅ អាកាសធាតុនៅរដូវប្រាំងតែងមានសភាពក្តៅស្ងួតហួតហែង ស្របពេលដើមកៅស៊ូចាប់ផ្ដើមជ្រុះស្លឹក ចន្លោះពីខែមករា រហូតដល់ចុងខែកុម្ភៈ ដែលអាចបង្កជាគ្រោះអគ្គិភ័យជាយថាហេតុនៅក្នុងចម្ការកៅស៊ូ។ ដូច្នេះ ដើម្បីទប់ស្កាត់ និងបង្ការហានិភ័យខាងលើ សូមឲ្យម្ចាស់ចម្ការកៅស៊ូទាំងអស់នៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្អាតចម្ការ និងធ្វើផ្លូវភ្លើងឱ្យបានត្រឹមត្រូវ តាមការណែនាំ មានដូចជា៖ ១)កាត់ស្មៅ និងរុក្ខជាតិចង្រៃនៅជុំវិញព្រំចម្ការ និងចន្លោះរងកៅស៊ូជាប់ផ្លូវធ្វើដំណើរឱ្យបានស្អាត និងស្រឡះល្អ។ ២)ប្រមូលស្មៅរុក្ខជាតិចង្រៃដែលកាត់រួច និងស្លឹកកៅស៊ូដែលជ្រុះនៅតាមចន្លោះរងកៅស៊ូដែលជាប់ផ្លូវធ្វើដំណើរ ដោយត្រូវដាក់ជាគំនរៗប្រវែង ២៥ម៉ែត្រ ដាច់ៗពីគ្នាតាមចន្លោះរងកៅស៊ូ។ ៣)ត្រូវដុតមួយគំនរម្តងៗ ដោយចាប់ផ្តើមពីគំនរដែលស្ថិតនៅក្រោមទិសខ្យល់មុនគេ។
ការដុតត្រូវធ្វើនៅពេលព្រឹកព្រលឹម និងបញ្ឈប់យ៉ាងយូរត្រឹមម៉ោង ៩ព្រឹក ដោយត្រូវឃ្លាំមើលឱ្យបានហ្មត់ចត់ ដើម្បីចៀសវាងផ្កាភ្លើង ហើរទៅឆេះកន្លែងដទៃទៀត និងត្រូវធានាថាភ្លើងពិតជារលត់អស់ ១០០% ក្រោយពេលឈប់ដុត។ ៤)ហាមដាច់ខាតដុតសម្អាតនៅពេលរសៀល ព្រោះអាចបង្កឱ្យមានអគ្គិភ័យកើតឡើងជាយថាហេតុនៅ វេលាយប់។ និង៥) មិនត្រូវរង់ចាំរហូតដល់ស្លឹកកៅស៊ូជ្រុះ ១០០% ទើបប្រមូលដុតនោះទេ ព្រោះវាបង្កើតជាគំនរក្រាស់ បង្កឱ្យភ្លើងឆេះខ្លាំង ពិបាកគ្រប់គ្រង និងប៉ះពាល់ដល់ដើមកៅស៊ូក្នុងចម្ការ។ ការដុតស្លឹកកៅស៊ូធ្វើឡើងជា៣ ដំណាក់កាលគឺ៖ ទី១.ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ៣០% , ទី២. ពេលកៅស៊ូជ្រុះស្លឹកបាន ប្រមាណ៦០ភាគរយ និងទី៣ ពេលកៅស៊ូជ្រុះស្លឹកបានប្រមាណ ១០០%។
ជាមួយគ្នានោះ អគ្គនាយកដ្ឋានកៅស៊ូ សង្ឃឹមទៀតថា ម្ចាស់ចម្ការកៅស៊ូទាំងអស់ នឹងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ តារា