ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កាលពីរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ បានធ្វេីការឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធនិងករណីលួចយកម៉ូទ័របូមទឹក កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ ត្រង់ចំណុចផ្ទះលេខ៣២ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ភេទស្រី អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ទីលំនៅផ្ទះលេខ៣០ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
ដោយឡែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនមានឈ្មោះ ភី សុភ័ក្ត ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល គ្មានលេខ ស្ថិតនៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឱ្យដឹងទៀតថា កាលពីថ្ងៃ១៦ ខែមករា ឆ្នាំ២០២៤ ជនរងគ្រោះបានទៅដើរលេងតាមខេត្ត ហើយបានទុកផ្ទះលេខ៣២ ផ្លូវលេខ០៧ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ឲ្យឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ភេទស្រី អាយុ៤២ឆ្នាំ ត្រូវជាបងស្រីបង្កើត ជួយចាំមើលឲ្យ ។ រហូតដល់ថ្ងៃ១៧ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២០និង២០នាទី ជនរងគ្រោះ បានបើកកាមេរ៉ាសុវត្ថិភាពនៅផ្ទះខាងលើ ស្រាប់តែឃើញជនសង្ស័យកំពុងធ្វើសកម្មភាពលួចម៉ូទ័របូមទឹក រួចជនរង គ្រោះ ក៏បានទូរស័ព្ទប្រាប់ឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ត្រូវជាបងស្រីបង្កើត ចេញមកមើល ។ ពេលឈ្មោះ ស៊ុន ចាន់ ស៊ីប៉ូឡា ចេញមកខាងក្រៅផ្ទះមិនឃើញជនសង្ស័យទេ ហើយក៏បាត់ម៉ូទ័របូមទឹកដែរ រួចឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ក៏បានទូរស័ព្ទ ទៅជនរងគ្រោះវិញ ហើយជនរងគ្រោះក៏បានប្រាប់ថាជនសង្ស័យបានលួចយកម៉ូទ័របូមទឹក រួចជិះម៉ូតូរត់គេចខ្លួន បាត់ហើយ។
រហូតដល់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១និង៤០នាទីរសៀល ជនសង្ស័យ ក៏បានមកធ្វើសកម្មភាពលួចម្តងទៀត ហើយក៏ត្រូវឈ្មោះ ម៉ៅ ចិត្ត្រា ភេទប្រុស អាយុ៣៣ឆ្នាំ ជាសន្តិសុខ នៅក្នុងបុរីពិភពថ្មីកួរស្រូវ២ ឃាត់ខ្លួនបានត្រង់ចំណុចផ្លូវបេ បុរីពិភពថ្មីកួរស្រូវ២ ស្ថិតនៅភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រួមនិងវត្ថុតាង ១/ម៉ូទ័របូមទឹក ពណ៌ខ្មៅ ចំនួន០១ ,២ម៉ូតូម៉ាកស្គូបពី ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 1HZ-9710 ចំនួន០១គ្រឿង ប្រគល់ឲ្យសមត្ថកិច្ចយក មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹស ។
ពេលនោះសមត្ថកិច្ចក៏បានឲ្យជនរងគ្រោះមកមើលមុខជនសង្ស័យ រួចជនរងគ្រោះក៏បានប្រាប់ឲ្យឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា (ត្រូវជាបងស្រីបង្កើត) មកជំនួស ដោយសាខ្លួន(ស៊ុន មាលីស) នៅឯខេត្ត ពេលឈ្មោះស៊ុន ចាន់ស៊ីប៉ូឡាមកមើលឃើញថាពិតជាជនសង្ស័យដែលបាន លួចម៉ូទ័របូមទឹករបស់ពួកគាត់ប្រាកដមែន ទើបឈ្មោះ ស៊ុន ចាន់ស៊ីប៉ូឡា ដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យដើម្បី សមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់ ។
នៅចំពោះសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា រូបគេ ពិតជាបានធ្វើសកម្មភាពលួចម៉ូទ័របូមទឹករបស់ជនរងគ្រោះ ប្រាកដមែន ។ ក្រោយពីសួរនាំរួចជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកកំពឹសបានបញ្ជួនខ្លួនមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដេីម្បីចាត់ការបន្តតាមច្បាប់ ៕
ដោយ ៖ ភារ៉ា ដង្កោ