ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យ​៖​ រយៈពេល​មួយថ្ងៃ! ឃាត់ខ្លួន​មនុស្ស ៤៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យដឹងនៅថ្ងៃទី១៩ ខែមករា​ ឆ្នាំ២០២៤​នេះថា៖​ ក្នុងរយៈពេល​មួយថ្ងៃ​ កម្លាំង​សមត្ថកិច្ចជំនាញ​ទូទាំងប្រទេស​ បានឃាត់ខ្លួន​ជនសង្ស័យចំនួន​ ៤៦នាក់ ក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសកម្ពុជា កាលពីថ្ងៃទី១៨ មករា​ម្សិលមិញនេះ។

លោកអ្នកនាំពាក្យ​ បានគូសបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យទាំង​ ៤៦នាក់នោះ មាន ៣៩នាក់ ត្រូវបានឃាត់ខ្លួននៅក្នុងបទល្មើសគ្រឿងញៀន ១៧ករណី​ និងជនសង្ស័យ​ ០៧នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មេីសព្រហ្មទណ្ឌ ០៦ករណី។

ជាមួយគ្នានេះ​ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ​ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានរបស់ខ្លួនពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមានឡេីង។ 

បន្ថែមពីនេះ​ លោកអ្នកនាំពាក្យ​ ក៏បានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋផងដែរ​៕

ដោយ​៖ តារា​


ចែករំលែក៖