ខេត្តស្វាយរៀង៖ លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្តតំណាងលោកអភិបាលខេត្តស្ចាយរៀងបានមានប្រសាសន៏ថាកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺអូវីដ-១៩ នៅខេត្តស្វាយរៀង នាថ្ងៃនេះ គោលបំណង ផ្សព្វផ្សាយពីទំហំឧបត្ថម្ភថ្មី និងការបើកផ្តល់របស់កម្មវិធី ដល់តួអង្គប្រតិបត្តិករតាមឃុំ សង្កាត់ ដើម្បីបន្តផ្សព្វផ្សាយទៅដល់អ្នកទទួលផល តាមខ្នងផ្ទះ ឱ្យយល់ច្បាស់ពីទំហំប្រាក់ឧបត្ថម្ភថ្មីនេះ ជៀសវាងមានការយល់ច្រឡំណាមួយ។
ការមានប្រសាសន៏បែបនេះធ្វើឡើងនារសៀលថ្ងៃទី១៩ខែមករាឆ្នាំ២០២៤ក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ការកែសម្រួលទំហំប្រាក់ឧបត្ថម្ភ សម្រាប់កម្មវិធីឧបត្ថម្ភសាច់ ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺអូវីដ-១៩ នាសាលប្រជុំសាលាខេត្តស្វាយរៀង។
ក្នុងឱកាសនោះក៏មានការចូលរួមពីលោកប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត លោកស្រីនាយករងរដ្ឋបាលសាលាខេត្ត លោកស្រីនាយកទីចាត់ការផែនការ និវិនិយោគសាលាខេត្ត លោកនាយកទីចាត់គ្រប់គ្រងធនធានមនុស្សសាលាខេត្តលោក លោកស្រី អភិបាល អភិបាលរងនៃគណៈអភិបាលក្រុង-ស្រុកទាំង៨ លោក លោកស្រី មេឃុំ ចាំសង្កាត់លោក លោកស្រីទទួលបន្ទុកកម្មវិធីឃុំ-សង្កាត់ជាច្រើននាក់ផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោកបណ្ឌិត ក៏សូមសម្តែងនូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ និងសហការី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រដ្ឋបាលលក្រុង ស្រុក សាខាមូលនិធិជាតិ ជំនួយសង្គម និងរដ្ឋបាលឃុំ សង្កាត់ រួមទាំង ស្ថាប័នពាក់ព័ន្ធជាច្រើនទៀត ដែលបានផ្តល់កិច្ចសហការ និង ប្រតិបត្តិតួនាទីភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងរយៈពេលកន្លងមក ក៏ដូចជាការសម្រេចបាននូវ សមិទ្ធផលថ្មីៗជាច្រើនផ្សេងទៀត និងថ្លែងអំណរគុណដល់មូលនិធិសហប្រជាជាតិដើម្បីកុមារ ប្រចាំប្រទេសកម្ពុជា ហៅកាត់ថា UNICEF និងកិច្ចសហប្រតិបត្តិការអាល្លឺម៉ង់ ហៅកាត់ថា GIZ ព្រមទាំងដៃគូទាំងអស់ ដែលបានចូលរួម ចំណែកគាំទ្រទាំងផ្នែកបច្ចេកទេស និងថវិកាក្នុងការអនុវត្តកម្មវិធីកន្លងមក ហើយក៏សង្ឃឹមថា នឹងមានកិច្ច សហការនេះ ជាបន្តបន្ទាប់នាពេលខាងមុខទៀត។
លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជណាចក្រកម្ពុជា នាពេលថ្មីៗនេះ ក៏បានប្រកាសដាក់ឱ្យអនុវត្តកម្មវិធីជាតិជំនួយសង្គមផ្នែកបណ្តុះបណ្តា លវិជ្ជាជីវៈ និងបច្ចេកទេស សម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដោយចាប់អនុវត្ត នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ផងដែរ។
សាខាមូលនិធិជាតិជំនួយសង្គម ដែលមានសមត្ថកិច្ចជាប្រតិបត្តិករ របស់មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននឹងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម ហើយកម្មវិធីជាតិជំនួយសង្គម ដែលខ្ញុំសូម លើកឡើងក្នុងពេលនេះ គឺកម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ដែលរាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្តតាំងពីខែមិថុនាឆ្នាំ២០២០មក ក្នុងគោលបំណងផ្តល់ កិច្ចគាំពារ ដើម្បីរក្សាលំនឹងជីវភាពរស់នៅសម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ នៅក្នុងអំឡុងពេលប្រយុទ្ធ នឹងជំងឺកូវីដ-១៩ ហើយបានកំណត់យកថ្ងៃទី២៥ នៃរៀងរាល់ខែ ជាថ្ងៃបើកប្រាក់ឧបត្ថម្ភប្រចាំខែ ។
ក្នុងនាមអភិបាលខេត្ត លោកបណ្ឌិត សូមស្នើសុំដល់រដ្ឋបាលឃុំ-សង្កាត់ ផ្តល់ការគាំទ្រ និងការបង្កលក្ខណៈដល់ដំណើរការនៃការផ្សព្វផ្សាយដល់មេភូមិ អនុភូមិ និងសមាជិកភូមិ ដែលជាអ្នកសម្របសម្រួលផ្សព្វផ្សាយបន្តដល់អ្នកទទួលផលដែលគ្រោងនឹងប្រព្រឹត្តទៅរយៈពេលមួយព្រឹក ឬមួយល្ងាចនៅតាមរដ្ឋបាលឃុំ-សង្កាត់ ដោយកំណត់យកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ ក្នុងក្របខណ្ឌទូទាំងខេត្ត ដើម្បីឱ្យមេភូមិ អនុភូមិ និងសមាជិកភូមិ ជួយធ្វើការផ្សព្វផ្សាយតាមខ្នងផ្ទះអ្នកទទួលផល ឱ្យបានរួចរាល់មុនថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដែលជាថ្ងៃចាប់អនុវត្តទំហំប្រាក់ឧបត្ថម្ភថ្មីនេះ ៕
ដោយ៖ សូរិយា