ព័ត៌មានទាន់ហេតុការណ៍៖

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃអះអាងថា សមត្ថកិច្ចកំណត់មុខសញ្ញាហ្វេសប៊ុកបង្ហោះរូបភាពយុវតីម្នាក់ចងដៃ ចងជើងបានហើយ និងកំពុងតែស្រាវរកអ្នកដែលពាក់ព័ន្ធមួយចំនួន

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលរបស់នាយកដ្ឋានប្រឆាងបទ​ល្មើស​បច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ គឺបានកំណត់មុខសញ្ញាហ្វេសប៊ុកដែលបង្ហោះផ្សព្វផ្សាយរូបភាពយុវតីម្នាក់ចងដៃជើង ជាប់នៅនឹងកៅអី អង្គុយ នឹងយកកន្សែងចងមុខ នៅក្នុងបន្ទប់មួយកន្លែង នៅលើបណ្តាញសង្គម​បានហើយ គឺស្ថិតនៅក្រៅប្រទេស។ ប៉ុន្តែសមត្ថកិច្ចកំពុងតែស្រាវរកអ្នកដែលពាក់ព័ន្ធមួយ ចំនួននៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅរសៀលថ្ងៃទី១៩ ខែមករា នេះថា ៖ ពាក់ព័ន្ធទៅនឹងការបង្ហោះរូបភាពយុវតីម្នាក់ចងភ្នែក ចងដៃ ចង ជើង រហូតមកដល់ពេលនេះ គឺសមត្ថកិច្ចរបស់នាយកដ្ឋានប្រឆាងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ គឺបានកំណត់មុខសញ្ញាហ្វេសប៊ុកដែលបានយករូបភាពយុវតីម្នាក់នោះមកផ្សព្វផ្សាយបានហើយ។ ប៉ុន្តែនៅពេលដែលស្រាវជ្រាវឃើញថា អ្នកដែលកាន់ហ្វេសប៊ុកផ្សព្វផ្សាយ គឺនៅក្រៅប្រទេស។ ប៉ុន្តែលោកសុំមិនបញ្ជាក់ថានៅប្រទេសណានោះទេ ពីព្រោះវាពាក់ព័ន្ធនឹងជំនាញព្រហ្មទណ្ឌ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កំពុងតែធ្វើកិច្ចការងារនេះជាមួយស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ដើម្បីបន្តស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធនឹងម្ចាស់ហ្វេស ឬម្ចាស់ផេក ដែលបានបង្ហោះផ្សព្វផ្សាយរូបភាពនេះ។ 

មកដល់ពេលនេះ នៅមិនទាន់សន្និដ្ឋានបានជាក់លាក់នៅឡើយទេថា តើរឿងនឹងពិត ឬមិនពិត? ក៏ប៉ុន្តែបើ សិនជាតាមការយល់របស់លោកដោយផ្អែកទៅលើការស្រាវជ្រាវថា ការបង្ហោះ ឬក៏អ្នកបង្ហោះហ្វេសប៊ុកនេះចេញពីប្រភពក្រៅប្រទេសមក លោកគិតថា រឿងនេះគឺជារឿងមិនពិតច្រើនជាងពិត និងជារឿងដែលមានចេតនាណាមួយបំពុលសង្គម និងធ្វើឲ្យមានការភ័ន្ត ច្រឡំ ធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះសមត្ថកិច្ច ឬក៏អាជ្ញាធររដ្ឋ ឬក៏រាជរដ្ឋាភិបាលទាំងមូល ដែលយើងនឹងពិនិត្យលទ្ធភាពឲ្យបានច្បាស់លាស់រឹងមាំក្នុងការអនុវត្តច្បាប់ ចាត់នីតិវិធីឲ្យបានគត់មត់ទៅលើបុគ្គលដែលបានប្រព្រឹត្តបទល្មើស៕

ដោយ៖ សូរិយា


ចែករំលែក៖