ព័ត៌មានទាន់ហេតុការណ៍៖

Update ៖ តំណាងអយ្យការបានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺជាផ្លូវហើយ ពីបទ «ទ្វេរពន្ធភាព»

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចធ្វើការចោទប្រកាន់លើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ជាផ្លូវហើយ ពីបទ «ទ្វេរពន្ធភាព» បន្ទាប់ពីបានបញ្ចប់នីតិវិធីនៃការស៊ើបសួរពេញមួយថ្ងៃ នៅល្ងាចថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។ 

សូមបញ្ជាក់ថា ៖ លោក ទិន សុចិត្រា ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តកំពង់ស្ពឺ និងជាអ្នកនាំពាក្យ បានឱ្យដឹងថា ព្រះរាជអាជ្ញាបានបញ្ចប់នីតិវិធីស៊ើបសួរលើឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី ហើយ ដោយបានធ្វើការចោទប្រកាន់ ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រឺ ពីបទ៖ ទ្វេរពន្ធភាព ប្រព្រឹត្តនៅភូមិស្រែថ្នល់ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមមាត្រា៤ និង៩ នៃច្បាប់ឯកពន្ធភាព។ 

អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា ៖ ពេលនេះសំណុំរឿងកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបសួរ ដើម្បីបន្តស៊ើបសួរលើសំណុំរឿងរបស់ឈ្មោះ ឃុត វឌ្ឍនា ហៅ ង៉ាម រី។ 

សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី មានតួនាទីជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺទទួលផែនអន្តរាគមន៍។ លោកត្រូវបានចាប់ឃាត់ខ្លួនកាលពីព្រលប់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបណ្តឹងរបស់ភរិយាដើមរបស់លោក។ 

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ត្រូវភរិយាដើមប្តឹង បន្ទាប់ពីលោកបានក្លែងឯកសាររៀបការជាមួយនារីម្នាក់ទៀត ដែលជាអាជីវករលក់បាយនៅក្នុងសង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ដោយមិនទាន់បានលែងលះដាច់ស្រេច។ នៅក្នុងឯកសារក្លែង លោក ង៉ាម រី បានប្តូរឈ្មោះពី ង៉ាម រី ទៅជា ឃុត វឌ្ឍនា និងបានបញ្ជាក់ភាពពោះម៉ាយដោយលោក ហែន កន ចៅសង្កាត់បឹងសាឡាង រាជធានីភ្នំពេញ។ 

លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ហៅ ឃុត វឌ្ឍនា ត្រូវបានឯកភាពឱ្យរៀបអាពាហ៍ពិពាហ៍ជាមួយនារីម្នាក់ដែលជាភរិយាក្រោយដោយលោកចៅសង្កាត់កណ្តោលដុំកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ ហើយពិធីនឹងចាប់ផ្តើមធ្វើនៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៤ នៅចំណុចផ្ទះខាងស្រី ក្នុងភូមិសង្កាត់ខាងលើ។ 

សូមបញ្ជាក់ថា ៖ ពិធីមង្គលនេះត្រូវបានអាក់ខានទៅវិញក្រោយរោងការគ្មានកូនកម្លោះ ខណៈដែលភ្ញៀវយ៉ាងច្រើនត្រូវបានគោរពអញ្ជើញរួចរាល់ លើកលែងតែមន្ត្រីនគរបាលនៅក្នុងអង្គភាពរួម ទាំងលោកស្នងការផងដែរ ដែលមិនត្រូវបានអញ្ជើញឱ្យចូលរួម។ រោងការដែលលើកឡើងយ៉ាងត្រដែតនៅលើកំណាត់ផ្លូវជាតិលេខ៤ក្នុងសង្កាត់កណ្តោលដុំ ត្រូវបានរុះរើយ៉ាងតក់ក្រហល់ទៅវិញ ក្រោយកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បាននាំខ្លួនកូនកម្លោះមកកាន់ស្នងការដ្ឋានដើម្បីសាកសួរពាក់ព័ន្ធនឹងបណ្តឹងរបស់ភរិយាដើម។

ក្នុងករណីនេះ ត្រូវបានមជ្ឈដ្ឋានទូទៅរបស់ប្រជាពលរដ្ឋមន្ត្រីរាជការ គាំទ្រចំពោះចំណាត់ការ មន្ត្រីនគរបាលយុត្តិធម៌ បានដំណើរការនីតិវិធី តាមរយៈការសម្របសម្រួលពីព្រះរាជអាជ្ញា បង្ហាញពី តម្លាភាព លើវិស័យយុត្តិធម៌ ៕ 

ដោយ ៖ សិលា


ចែករំលែក៖