ព័ត៌មានទាន់ហេតុការណ៍៖

សេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាង ប្រធានាធិបតីបារាំង និងនាយករដ្ឋមន្ត្រីកម្ពុជា

ចែករំលែក៖

ប្រទេស​បារាំង​៖​ សេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងប៉ារីស នាថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២៤​ មានូចខាងក្រោម៖

*១. ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បានជួបសន្ទនាជាមួយសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃដំណើរទស្សនកិច្ច ផ្លូវការរបស់ សម្តេចធិបតី នៅទីក្រុងប៉ារីស នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមការអញ្ជើញរបស់ ឯកឧត្តមប្រធានាធិបតី ម៉ាក្រុង។

*២. បារាំង និងកម្ពុជា បានស្វាគមន៍ចំពោះសន្ទុះថ្មីក្នុងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តាមរយៈ ដំណើរទស្សនកិច្ចរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែធ្នូ ឆ្នាំ២០២២ និង ព្រះរាជទស្សនកិច្ចរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣។ ឥស្សរជនទាំងពីរបានអំពាវនាវ ឱ្យពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងបារាំងនិងកម្ពុជា លើវិស័យនៃកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ ជាច្រើន និងខំស្វែងរកធ្វើពិពិធកម្មវិស័យក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី។ ជាមួយគ្នានេះដែរ ភាគី ទាំងពីរក៏បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការវិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងបានប្ដេជ្ញាបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងដើម្បីជំរុញការវិនិយោគ ពង្រីកទំនាក់ទំនងសេដ្ឋកិច្ច ទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។

*៣. បារាំង និងកម្ពុជាស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការក្នុងការអភិរក្ស និងលើកតម្កើង បេតិកភណ្ឌ។ ជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការសម្របសម្រួលអន្តរ រដ្ឋាភិបាលសម្រាប់ការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ ក្រោមឆត្ររបស់អង្គការយូណេស្កូ ត្រូវ បានបង្ហាញដោយការប្រារព្ធសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ កាលពីខែវិច្ឆិកា កន្លងទៅ ដោយបាន បន្តអាណត្តិមួយទសវត្សរ៍បន្ថែមទៀត ជូនតួនាទីជាសហប្រធានរបស់បារាំងនិងជប៉ុន។ ថ្នាក់ដឹកនាំ ទាំងពីរ បានពិភាក្សាពីការអនុវត្តគម្រោងផ្សេងៗទៀតសំដៅដល់កិច្ចការពារ និងការលើកតម្កើង បេតិកភណ្ឌរបស់កម្ពុជា រួមទាំងការជួសជុល និងការពង្រីកសារមន្ទីរជាតិនៅរាជធានីភ្នំពេញ។ ក្នុង ន័យនេះ ភាគីទាំងពីរស្វាគមន៍ការចុះហត្ថលេខានៃលិខិតបំណងស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យ សារមន្ទីរ និងបេតិកភណ្ឌ។

*៤. បារាំង និងកម្ពុជា បានរំលឹកឡើងវិញនូវការយកចិត្តទុកដាក់រួមគ្នា ដល់ការលើកកម្ពស់ហ្វ្រង់កូហ្វូនីនិង តម្លៃរបស់ហ្វ្រង់កូហ្វូនី។ បារាំងបានសម្តែងនូវក្តីប្រាថ្នាចង់ឃើញកម្ពុជាមានតំណាងជាន់ខ្ពស់ចូលរួម ក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៤ នៅ ក្រុងវីឡេកូតឺរ៉ែ (Villers-Cotterêts) ប្រទេសបារាំង។ កម្ពុជាបានបញ្ជាក់ពីបេក្ខភាពរបស់ខ្លួនក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦។ បារាំងដែលជាប្រទេសម្ចាស់ ផ្ទះរៀបចំកិច្ចប្រជុំកំពូលលើកទី១៩ វាយតម្លៃខ្ពស់ចំពោះបេក្ខភាពនេះ ដែលនឹងរួមចំណែកដល់ថាមវន្ត នៃការនិយមនិយាយភាសាបារាំងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។

*៥. ភាគីទាំងពីរបានលើកឡើងពីសារៈសំខាន់នៃពហុនិយមផ្នែកនយោបាយ និងការការពារដោយពេញ លេញនូវសិទ្ធិជាមូលដ្ឋាន ដើម្បីធានាភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ។ ភាគីទាំងពីរបានព្រមព្រៀង ពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទាំងនេះ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងទ្វេភាគី និងក្របខ័ណ្ឌ ពហុភាគី។ តួនាទីដ៏សំខាន់របស់សង្គមស៊ីវិលក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាសកល ក៏ ត្រូវបានទទួលស្គាល់ផងដែរ។

*៦. ភាគីបារាំងបានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តយ៉ាងមុតមាំផ្នែកអាកាសធាតុរបស់កម្ពុជា ដែលបានកំណត់ គោលដៅអព្យាក្រឹត្យកាបួនត្រឹមឆ្នាំ២០៥០ តាមរយៈយុទ្ធសាស្ត្រផ្តោតលើបរិស្ថានស្អាត បៃតង និង និរន្តរភាព។ ភាគីបារាំងបានរំលឹកឡើងវិញនូវការត្រៀមខ្លួនជានិច្ចក្នុងការជួយជ្រោមជ្រែងកម្ពុជាលើ កិច្ចខិតខំប្រឹងប្រែងដើម្បីចងភ្ជាប់ការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សទៅនឹងអន្តរកាលថាមពល ព្រម ទាំងបានលើកឡើងពីតួនាទីរបស់ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង ដែលស្តែងចេញតាមរយៈការចុះហត្ថលេខា កិច្ចព្រមព្រៀងចំនួន៣ គិតជាទឹកប្រាក់សរុបចំនួន ២១៥ លានអឺរ៉ូ និងក្រុមហ៊ុនបារាំងនៅក្នុងបរិបទនេះ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថាកម្ពុជាប្តេជ្ញាមិនអភិវឌ្ឍវារីអគ្គិសនីនៅលើតួទន្លេមេគង្គ ហើយក៏មិនអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មឡើយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បាន លើកឡើងថាកម្ពុជានឹងចូលរួមក្នុងសន្ធិសញ្ញាទីក្រុងប៉ារីសសម្រាប់មនុស្ស និងភពផែនដី។ ភាគីទាំង ពីរក៏បានព្រមព្រៀងធ្វើការរួមគ្នាក្នុងការរៀបចំសន្និសីទអង្គការសហប្រជាជាតិស្តីពីមហាសមុទ្រ ដែល នឹងប្រព្រឹត្តទៅនៅទីក្រុងនីស ប្រទេសបារាំង នៅឆ្នាំ២០២៥។

*៧. បារាំង និងកម្ពុជា បានសម្តែងនូវការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែស៊ីជម្រៅលើវិស័យ ការពារជាតិ មានជាអាទិ៍ ក្នុងក្របខ័ណ្ឌនៃការហ្វឹកហ្វឺនបោសសម្អាតមីនសម្រាប់ទាហានកម្ពុជា ព្រមទាំង ការបំប៉នភាសាបារាំងដល់កងរក្សាសន្តិភាពមួកខៀវក្រោមឆត្ររបស់អង្គការសហប្រជាជាតិ។ កិច្ចសហ ប្រតិបត្តិការនេះបង្ហាញឱ្យឃើញពីការប្តេជ្ញាចិត្តរួមគ្នាដ៏ជាក់ស្តែង ក្នុងប្រតិបត្តិការដើម្បីថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ដូចដែលបានឆ្លុះបញ្ចាំងតាមរយៈការគាំទ្ររបស់កម្ពុជាក្នុងការបណ្តុះបណ្តាល ដល់អ្នកដោះមីនអ៊ុយក្រែន ក្នុងគោលបំណងមនុស្សធម៌។ ភាគីទាំងពីរបានសម្តែងនូវក្តីរំពឹងថាការចរចា ដើម្បីធ្វើបច្ចុប្បន្នភាពលើកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាលគ្របដណ្តប់លើកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការពារជាតិ នឹងត្រូវបញ្ចប់ឱ្យបានឆាប់នាពេលខាងមុខនេះ។

*៨. ភាគីទាំងពីរបានស្វាគមន៍ចំពោះការពង្រឹងទំនាក់ទំនងរវាងប្រទេសបារាំងនិងអាស៊ានក្នុងក្របខ័ណ្ឌនៃ ភាពជាដៃគូអភិវឌ្ឍន៍ ដោយឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរួម ក្នុងការពង្រឹងពហុភាគីនិយម និងកិច្ច សហប្រតិបត្តិការដើម្បីរក្សា និងលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។ ភាគី បារាំងបានអះអាងជាថ្មីនូវការគាំទ្រដ៏មុតមាំរបស់ខ្លួនចំពោះមជ្ឈភាពអាស៊ាន។ ភាគីទាំងពីរបានលើកឡើងពីគោលដៅរួមគ្នារវាងយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់បារាំង និងទស្សនវិស័យអាស៊ានស្តី ពីឥណ្ឌូប៉ាស៊ីហ្វិក (AOIP) និងបានប្តេជ្ញាចូលរួមចំណែកជាក់ស្តែងដល់ដំណើរការខាងលើនេះ។

*៩. បារាំងបានរំលឹកឡើងវិញនូវការកោតសរសើររបស់ខ្លួនចំពោះជំហរកម្ពុជានៅអង្គការសហប្រជាជាតិ ទាក់ទងនឹងសង្គ្រាមឈ្លានពានដែលដឹកនាំដោយរុស្ស៊ីទៅលើអ៊ុយក្រែន ដែលជាការរំលោភយ៉ាងធ្ងន់ធ្ងរ លើធម្មនុញ្ញអង្គការសហប្រជាជាតិ។ បារាំង និងកម្ពុជាបានរំលឹកឡើងវិញនូវការប្រកាន់ខ្ជាប់នូវគោល ការណ៍ឯករាជ្យ បូរណភាពទឹកដី និងអធិបតេយ្យភាព រួមមានសេចក្តីសម្រេចចិត្តចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ សេចក្តីសម្រេចចិត្តចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ និងសេចក្តីសម្រេចចិត្តចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។

*១០. កម្ពុជាបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់បារាំងដើម្បីសន្តិភាព និងសន្តិសុខសម្រាប់ទាំងអស់គ្នា ទាក់ទងនឹងវិបត្តិនៅមជ្ឈិមបូព៌ា។ ភាគីទាំងពីរបានអំពាវនាវឱ្យមានបទឈប់បាញ់យូរអង្វែងជាបន្ទាន់ និង ឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។ ភាគីទាំងពីរបានរំលឹកពី សារៈសំខាន់នៃការគោរពច្បាប់មនុស្សធម៌អន្តរជាតិ និងអំពាវនាវឱ្យមានការសម្របសម្រួលក្នុងការ ផ្តល់ជំនួយ ក៏ដូចជាវិធានការបន្ទាន់នានា ដើម្បីធានានូវការទទួលបានជំនួយមនុស្សធម៌ពេញលេញ ដោយសុវត្ថិភាព និងគ្មានការរារាំង ព្រមទាំងបញ្ចៀសនូវការបះបោរនានាក្នុងតំបន់។ ភាគីទាំងពីរបាន រំលឹកពីភាពចាំបាច់ក្នុងការប្រឹងប្រែងចាប់ពីឥឡូវទៅដើម្បីបើកផ្លូវនយោបាយ និងបានបញ្ជាក់ឡើងវិញ អំពីការប្រកាន់ខ្ជាប់របស់ខ្លួនចំពោះដំណោះស្រាយរដ្ឋពីរ ដែលជាដំណោះស្រាយត្រឹមត្រូវនិងយូរអង្វែង តែមួយគត់ ដើម្បីឆ្លើយតបទៅនឹងសិទ្ធិរបស់ប្រជាជនអ៊ីស្រាអែលក្នុងការទទួលបាននូវសន្តិសុខ និង សេចក្តីប្រាថ្នាស្របច្បាប់របស់ប្រជាជនប៉ាឡេស្ទីនដែលចង់បាននូវរដ្ឋឯករាជ្យរស់នៅប្រកបដោយ សន្តិភាព និងសន្តិសុខជាមួយអ៊ីស្រាអែល។

*១១. ភាគីទាំងពីរបានអះអាងជាថ្មីអំពីសារៈសំខាន់នៃការរក្សា និងលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរភាព សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ក្នុង និងការហោះហើរឆ្លងកាត់លើសមុទ្រចិនខាងត្បូង ព្រម ទាំងការដោះស្រាយជម្លោះដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ទទួលស្គាល់ជាសាកលនៃ ច្បាប់អន្តរជាតិ។ ភាគីទាំងពីរបានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសអាស៊ាន និងចិន ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) និង ឈានទៅបញ្ចប់ការចរចាក្នុងការបង្កើតក្រមប្រតិបត្តិនៅសមុទ្រចិនខាងត្បូង ស្របតាមច្បាប់អន្តរជាតិ ជាពិសេស អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (United Nations Convention on the Law of the Sea – UNCLOS) ឆ្នាំ១៩៨២។

*១២បារាំង និងកម្ពុជាបានឯកភាពលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ក្នុងគោលដៅសម្រេចបាននូវ ភាពជា ដៃគូយុទ្ធសាស្ត្រ ដោយធ្វើឱ្យកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ៕

ខាងក្រោមនេះ​ជាសេចក្ដី​សេចក្តីថ្លែងការណ៍រួមនៃកិច្ចសន្ទនារវាង ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖

ដោយ​៖​ស​ តារា


ចែករំលែក៖