ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការ​នគរបាល​ខេត្ត​កំពត​៖​ ពាក់ព័ន្ធករណីគំរាមថា ធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ​ លោកកំពុង​ចាត់​វិធានការជំនាញបន្ថែមដើម្បីស្វែងរកជនរងគ្រោះ

ចែករំលែក៖

ខេត្ត​កំពត​៖​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្ត​កំពត​ បានថ្លែង​ថា៖​ ពាក់ព័ន្ធករណីគំរាមធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ​ លោកកំពុង​ចាត់​វិធានការជំនាញបន្ថែមកម្លាំង​ ដើម្បីស្វែងរកជនរងគ្រោះ។ 

ជាក់ស្ដែង​ថ្លែង​តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកនៅព្រឹក​ថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានគូសបញ្ជាក់ថា៖​ សូមជំរាបជូនសាធារណៈជនទាំងអស់ឱ្យបានជ្រាប ពាក់ព័ន្ធករណីគំរាមថា ធ្វើអត្តឃាតទាំងឪពុកនិងកូននៅស្រុកអង្គរជ័យ ដែលផ្តើមចេញបញ្ហាក្នុងគ្រួសារ។ 

លោកស្នងការខេត្ត​ បានឱ្យដឹងទៀតថា​ ករណីនេះក្រោយទទួលបានព័ត៌មានកាលពីល្ងាចថ្ងៃទី១៩​ ខែមករា​ ឆ្នាំ​២០២៤ សមត្ថកិច្ចជំនាញ​ និងលោកផ្ទាល់បានចុះស្វែងរកជនរងគ្រោះភ្លាមៗ តែកម្លាំងជំនាញកំណត់ទីតាំងមិនទាន់បានព្រោះភូមិសាស្ត្រក្នុងស្រុកអង្គរជ័យមានភ្នំច្រើន។ 

លោកឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទមធុរិទ្ធ​ បានបញ្ជាក់បន្ថែមថា​ ព្រឹកនេះកម្លាំងជំនាញ​ និងលោកផ្ទាល់​ បានបន្តប្រើប្រាស់វិធានការជំនាញនិងកម្លាំងបន្ថែមដើម្បីស្វែងរកជនរងគ្រោះ៕

ដោយ​៖ តារា​


ចែករំលែក៖