ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរាបាននិងកំពុងទម្លាក់ទឹកពីបារាយណ៍ទឹកថ្លាចុះទៅក្រោមសម្រាប់ការស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តសៀមរាប៖ ក្រៅពីជាអាងស្ដុកទឹកដ៏ធំជាងគេនៅរមណីយដ្ឋានអង្គរ សម្រាប់ជួយកិច្ចការងារអភិរក្សប្រាសាទ បារាយណ៍ទឹកថ្លាឬបារាយណ៍ខាងលិច ក៏ជាប្រភពទឹកដ៏សំខាន់សម្រាប់ការស្រោចស្រព​ស្រែប្រាំ​ងរបស់ពលរដ្ឋនៅប៉ែកខាងក្រោម ដែលសរុបមានជិត៧ពាន់គ្រួសារ។

លោក យុត យ៉ែម មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា អាជ្ញាធរបានចាប់ផ្តើមបើកទឹកទម្លាក់ជូនប្រជាពលរដ្ឋដើម្បី ស្រោចស្រពស្រែប្រាំងចាប់ពីខែធ្នូ ឆ្នាំ២០២៣ និងបន្តរហូតដល់បច្ចុប្បន្ន។ លោកបន្តថា ការងារនេះ គឺអាជ្ញាធរជាតិអប្សរាក្នុងនាមអ្នកគ្រប់គ្រងទឹកបារាយណ៍ទឹកថ្លា តែងតែយកចិត្តទុកដាក់ និងមិនដែលឱ្យមានការរាំងស្ទះទឹកជូនពលរដ្ឋឡើយ ក្នុងបំណងជួយឱ្យការបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាពលរដ្ឋបានទិន្នផលល្អ។

ជាមួយនឹងការងារសម្រួលទឹកជូនពលរដ្ឋនេះដែរ លោក យុត យ៉ែម បន្ថែមថា ក្រុមការងារលោកតែងចុះជាប្រចាំ ដោយពេលខ្លះបានជួសជុលប្រឡាយបញ្ជូនទឹកដែលបែកបាក់ និងពិនិត្យទ្វារទឹកឱ្យដំណើរការល្អពេលបិទបើកជាដើម។

តំណាងក្រុមសហគមន៍កសិករប្រើប្រាស់ទឹកបារាយណ៍ទឹកថ្លា លោក ហួត ហាយ បានឱ្យដឹងថា ការប្រើប្រាស់ទឹកនៅឆ្នាំនេះរបស់កសិករគឺមានភាពល្អប្រសើរ។ ក្នុងនាមកសិករមួយរូប  លោកក៏សូមថ្លែងអំណរគុណដល់​អាជ្ញាធរជាតិអប្សរា ដែលតែងតែយកចិត្តទុកដាក់ការងារគ្រប់គ្រងទឹក និងទម្លាក់ទឹកជូនពលរដ្ឋប្រើប្រាស់គ្រប់គ្រាន់ និងទាន់ពេលវេលា។ លោកបន្ថែមថា ស្រែប្រាំងរបស់ប្រជាពលរដ្ឋ​​គឺពឹងមួយផ្នែកធំលើទឹកបារាយណ៍ ក្រៅពីទាញទឹកពីទំនប់៧៨ និងទឹកពីបឹងទន្លេសាប។

សូមបញ្ជាក់ថា សហគមន៍ដែលកំពុងប្រើប្រាស់ទឹកបារាយណ៍សរុបមានចំនួន ៩ឃុំ-សង្កាត់ មាន៦៥ភូមិ និង៦៨១៨គ្រួសារ ស្មើនឹងផ្ទៃដីសរុប ៧៨៥០ហិកតា៕

ដោយ៖ សូរិយា


ចែករំលែក៖