សារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី២០ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឱ្យដឹងថា រូបលោកបានពិភាក្សាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Benjamin Netanyahu អំពីដំណោះស្រាយផ្សេងៗដែលអាចទៅរួច សម្រាប់ការបង្កើតរដ្ឋប៉ាឡេស្ទីនដែលឯករាជ្យមួយ។
កិច្ចសន្ទនាខាងលើកើតមានឡើង បន្ទាប់ពីលោក Netanyahu ទើបតែបានលើកឡើងថា រូបលោកជំទាស់ចំពោះភាពជារដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីន ដែលមិនមានការធានាសន្តិសុខសម្រាប់អ៉ីស្រាអែល។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបជាមួយក្រុមអភិបាលអាមេរិក លោក បៃដិន បាននិយាយថា លោក Netanyahu មិនជំទាស់ទាំងស្រុងចំពោះដំណោះស្រាយរដ្ឋពីរឡើយ ដ្បិតវាមានច្រើនប្រភេទដែលអាចទៅរួច ហើយលោក បៃដិន បានកត់សម្គាល់ថា សមាជិកអង្គការសហប្រជាជាតិមួយចំនួន គឺមិនមានកងកម្លាំងយោធាទេ។
ពេលត្រូវបានសាកសួរថា តើដំណោះស្រាយរដ្ឋពីរជារឿងមិនអាចទៅរួច អំឡុងពេលលោក Netanyahu នៅកាន់អំណាច ឬយ៉ាងណានោះ លោក បៃដិន បានឆ្លើយថា «ទេ, វាមិនដូច្នោះឡើយ»។ បើតាមសេតវិមាន លោក បៃដិន និងលោក Netanyahu ក៏បានពិភាក្សាផងដែរ អំពីកិច្ចប្រឹងប្រែងដើម្បីជួយសង្រ្គោះចំណាប់ខ្មាំងនៅសេសសល់ ដែលបន្តស្ថិតក្រោមកណ្តាប់ដៃរបស់ក្រុមហាម៉ាស ព្រមទាំងអំពីការផ្លាស់ប្តូររបស់អ៉ីស្រាអែល ទៅរកប្រតិបត្តិការដែលមានគោលដៅជាក់លាក់ជាងមុន នៅក្នុងតំបន់ Gaza ដើម្បីអនុញ្ញាតឱ្យជំនួយមនុស្សធម៌ អាចទៅដល់ទីនោះបន្ថែមទៀត ដោយសុវត្ថិភាព។
គួរបញ្ជាក់ថា លោក បៃដិន បានព្យាយាមជំរុញឱ្យអ៉ីស្រាអែល កាត់បន្ថយចំនួនជនជាតិប៉ាឡេស្ទីនដែលស្លាប់ បើទោះបីជាលោកបានរក្សាការគាំទ្រយ៉ាងរឹងមាំ សម្រាប់អ៉ីស្រាអែលក្នុងសង្រ្គាមប្រឆាំងហាម៉ាសនៅ Gaza ក៏ដោយ។ យ៉ាងណាមិញ មេដឹកនាំទាំងពីរនាពេលនេះ ហាក់ខ្វែងគំនិតគ្នាខ្លាំង ជុំវិញបញ្ហានៃការបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ ខណៈវាគឺជាដំណោះស្រាយដែលលោក បៃដិន បានប្រឹងប្រែងគាំទ្រយូរមកហើយ ដើម្បីសម្រេចបានសន្តិភាពរយៈពេលវែង សម្រាប់អ៉ីស្រាអែលនិងប៉ាឡេស្ទីន។
កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ លោក Netanyahu បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយថា លោកបានប្រាប់ទីក្រុងវ៉ាស៉ីនតោនថា រូបលោកជំទាស់ចំពោះភាពជារដ្ឋឯករាជ្យរបស់ប៉ាឡេស្ទីនទាំងឡាយណា ដែលមិនមានការធានាចំពោះសន្តិសុខរបស់អ៉ីស្រាអែល។ លោក Netanyahu បានសង្កត់ធ្ងន់នាពេលនោះថា «អ៉ីស្រាអែលចាំបាច់ត្រូវតែគ្រប់គ្រងសន្តិសុខលើដែនដីទាំងមូលដែលស្ថិតនៅខាងលិចទន្លេ Jordan River។ វាគឺជាលក្ខខណ្ឌដ៏ចាំបាច់ជាទីបំផុត»៕ ដោយ៖ ធីរីណា
រូបថត៖ TTXVN