ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់​៖​ ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺបានបង្កើតជំហររួមគ្នាជាច្រើនរវាងកម្ពុជា-បារាំង ដែលមិនធ្លាប់មានក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ

ចែករំលែក៖

ភ្នំពេញ​៖​ លោក ហ្សង់ ហ្វ្រង់ស្វ័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ បានថ្លែង​ថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសបារាំង គឺបានបង្កើតជំហររួមគ្នាជាច្រើនរវាងកម្ពុជា និងបារាំង ដែលមិនធ្លាប់មាននោះឡើយ ក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។​ នេះបេី​តាមការបញ្ជាក់ពី​រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី​ នាឱកាស​សន្និសីទសារព័ត៌មាន នាថ្ងៃទី២០ ខែមករា​ ឆ្នាំ​២០២៤នេះ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង​។ 

រដ្ឋមន្ត្រីប្រតិភូរូបនេះ​ បានថ្លែង​បន្តថា​ កម្ពុជា និងបារាំង មានគោលជំហររួមគ្នាចំពោះមុខទាក់ទងនឹងសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន, ជំហររួមគ្នានៅចំពោះមុខ នៃការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី,  ជំហររួមគ្នាលើកិច្ចសហប្រតបិត្តិការជាច្រើនទៀតទាក់ទងនឹងផលប្រយោជន៍នៃប្រទេស និងប្រជាជនទាំងពីរកម្ពុជា-បារាំង។​

លោករដ្ឋមន្ត្រីប្រតិភូ​ ថ្លែងថា​ សម្ដេច ហ៊ុន ម៉ាណែត បានស្នើឱ្យប្រធានាធិបតីបារាំង បង្កើតមជ្ឈមណ្ឌលវប្បធម៌របស់បារាំងប្រចាំតំបន់នៅលើទឹកដីកម្ពុជា ក្នុងគោលដៅធ្វើឱ្យកម្ពុជាក្លាយជាថ្នាល ក្លាយជារដ្ឋស្ពាន ដើម្បីចម្លងការផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលទំនាក់ទំនងវប្បធម៌ល្អប្រសើររវាងបារាំង និងអាស៊ាន ហើយប្រធានាធិបតីបារាំង បានយល់ព្រមតាមសំណើរបស់សម្ដេច ហ៊ុន ម៉ាណែត។

លោករដ្ឋមន្ត្រី​ប្រតិភូ​ ថ្លែង​បន្ថែមថា កម្ពុជា-បារាំង នឹងពង្រឹងបន្ថែមទៀតទំនាក់ទំនងវប្បធម៌ និងភាសា នៅក្នុងក្របខណ្ឌអង្គរការអន្តរជាតិនៃបណ្ដាប្រទេសប្រើប្រាស់ភាសាបារាំង (ហ្វ្រង់កូហ្វូនី) និងសង្ឃឹមថា កម្ពុជា នឹងទទួលបាននូវការគាំទ្រក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី នៅឆ្នាំ២០២៦ នៅលើទឹកដីកម្ពុជា៕

ដោយ​៖​ ស​ តារា


ចែករំលែក៖