ព័ត៌មានទាន់ហេតុការណ៍៖

លោក ស៊ូ ម៉ុល តំណាងប្រធានការងារចុះជួយមូលដ្ឋានឃុំដូង អញ្ជើញចូលរួមពិធីក្រុងពាលី ចាក់ប្លង់សេឧបដ្ឋានសាលាវត្តដូង ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ ដោយមានការដឹកនាំចង្អុលបង្ហាញពីសំណាក់លោក សៅ សុខា ប្រធាន អនុប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀងនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក នាព្រឹក ថ្ងៃទី២១ខែមករាឆ្នាំ២០២៤ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកនិងជាប្រធានគណបក្សប្រជាជនស្រុក តំណាង លោក ហុង វិណុល ប្រធានការងារចុះជួយមូលដ្ឋានឃុំដូង បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីចាក់ប្លង់សេឧបដ្ឋានសាលាវត្តដូង (ទំហំ៩៦០ម៉ែត្រការ៉េ)ស្ថិតក្នុងឃុំដូង ស្រុករមាសសហែក។

ពិធីនេះមានការនិមន្តចូលរួមពីព្រះគ្រូ ព្រហ្មសាវន្ត ចៅអធិការវត្តដូង សមាជិកក្រុមប្រឹក្សាស្រុក លោក តឹក យី មេឃុំ លោក លោកស្រី សមាជិកក្រុមប្រឹក្សាឃុំ លោក នាយ នាយរងនគរបាលប៉ុស្តិ៍ដូង លោកគ្រូអាចារ្យ គណៈកម្មការវត្តលោកយាយ លោកតា និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើននាក់ទៀត។

ក្នុងឱកាសនោះលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកនិងជាប្រធានគណបក្សប្រជាជនស្រុកបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោកសៅ សុខា ប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តស្វាយរៀង និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុករមាសហែក ក៏ដូចជាលោក ហុង វិណុល ប្រធានការងារចុះជួយមូលដ្ឋានឃុំដូង ដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាពេលនេះផងដែរ។

លោកបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេច អគ្គមហាសេនាបតីតេជោហ៊ុនសែន ជាប្រធាន បានកសាងនូវសមិទ្ធផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះស្រុករមាសហែកយើងក៏មានការរីកចម្រើនគួរឱ្យកត់សម្គាល់ តាមរយៈការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែងពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក។

ទាំងនេះជាមោទនភាពរបស់គណបក្សប្រជាជនកម្ពុជាដែលគ្មានគណបក្សណាអាចប្រៀបផ្ទឹមបានឡើយ ហើយបាននាំយកសុខសន្តិភាពមកជូនប្រជាពលរដ្ឋដែលគ្មានគណបក្សណា មានសមត្ថភាពក្នុងការនាំមកនូវ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដូចគណបក្សប្រជាជនកម្ពុជាបាននោះទេ។

លោកបានបន្ថែមទៀតថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាមមក ការកសាង អភិវឌ្ឍនៅតាមមូលដ្ឋានកំពុងរីកចម្រើនពេញផ្ទៃប្រទេស ដូចពេលនេះ គឺដោយសារកត្តាសុខសន្តិភាព ដូច្នេះហើយ យើងត្រូវរួមសាមគ្គីភាពគ្នាថែរក្សានូវសមិទ្ធផលថ្មីៗដែលមាននិងបន្តការពារគាំទ្រការអភិវឌ្ឍបន្តទៀត ពិសេស ពិធីក្រុងពាលីចាក់ប្លង់សេឧបដ្ឋានសាលាវត្តដូង ក្នុងឃុំដូង ស្រុករមាសហែកនាថ្ងៃនេះតែម្ដង ។

បន្ទាប់មក លោកក៏បានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងមូលដ្ឋានឃុំដូង ត្រូវតែធ្វើអំពើល្អ ផ្តល់សេវាសាធារណៈជូន ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា រហ័សទាន់ចិត្ត និងមានប្រសិទ្ធភាព និងរក្សាឲ្យបាននូវភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំណុច ពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្រុមក្មេងទំនើង បងតូចបងធំ និងចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ ព្រះគ្រូ ព្រហ្មសា វន្ត ចៅអធិការវត្តដូង មានថេរដីកាថា នាថ្ងៃសៅរ៍ អាទិត្យ ២-៣ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ត្រូវនឹងថ្ងៃទី ២៧-២៨ ខែ មករា ឆ្នាំ ២០២៤ ខាងមុខនេះ វត្តដូង  មានពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី កសាងសាលាឆាន់ថ្មី ដោយមានអាចារ្យ និងគណៈកម្មការ រួមជាមួយពុទ្ធបរិស័ទជិតឆ្ងាយ មានសទ្ធាជ្រះថ្លាបានរួមគ្នាជាឯកច្ឆ័ន្ធ បានផ្តួចផ្តើមប្រារព្ធធ្វើបុណ្យផ្កាប្រាក់មហាសាមគ្គី ដើម្បីប្រមូលបច្ច័យកសាងសាលាឆាន់ថ្មី ដោយបច្ចុប្បន្នកសាងបាន ៤០ ភាគរយហើយ ៕

ដោយ៖ សុថាន


ចែករំលែក៖