ភ្នំពេញ៖ អង្គភាពមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា ៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានសហការជាមួយកម្លាំងគយព្រលានយន្តហោះអន្តរជាតិភ្នំពេញ បង្ក្រាបករណីជួញដូរ និងដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ដែលបង្កប់តាមកញ្ចប់បញ្ញើពីកម្ពុជា ទៅអូស្ត្រាលីចំនួន ២ករណី រឹបអូសបានថ្នាំញៀនជិត ៣គីឡូក្រាម។
ការបង្ក្រាបនេះ អនុវត្តតាមបញ្ជាលោកនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោក នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងលោក ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ (ក១០) មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងគយប្រចាំ ព្រលានយន្តហោះភ្នំពេញ បានត្រួតពិនិត្យកេសបញ្ញើមួយ និងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ (ក១០) សហការជាមួយក្រុមហ៊ុន Embassy freight express co,ltd និងក្រុមហ៊ុន ១៦៨ Logistics chains co,ltd បានធ្វើការត្រួតពិនិត្យកេសបញ្ញើមិនប្រក្រតីមួយទៀត។ ជាលទ្ធលនៃការចុះបង្ក្រាបទាំង២ទីតាំងនេះ កម្លាំងជំនាញបានចាប់យកសារធាតុញៀនហេរ៉ូអ៊ីន ទម្ងន់ ២,៧៥២.៩៦ក្រាម (២គីឡូ និង៧៥២.៩៦ក្រាម)។
បច្ចុប្បន្នកម្លាំងជំនាញកំពុងបន្តស្រាវជ្រាវរកបុគ្គលអ្នកពាក់ព័ន្ធ និងចាប់ខ្លួនមេក្លោងមកផ្តន្ទាទោស ខណៈវត្ថុតាងជាថ្នាំញៀន ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕
ដោយ ៖ សិលា