រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឥណ្ឌា លោក Amit Shah បានប្រកាសកាលពីថ្ងៃទី២០ ខែមករាថា រដ្ឋាភិបាលនឹងសាងសង់របងតាមបណ្តោយព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីធានាសន្តិសុខ។
របងនេះនឹងជួយបញ្ឈប់ជនចំណាកស្រុកខុសច្បាប់ ក៏ដូចជាក្រុមឧទ្ទាមប្រដាប់អាវុធ។ លោក Amit Shah បានបន្ថែមថា ឥណ្ឌាក៏កំពុងពិចារណាបញ្ចប់យន្តការធ្វើដំណើរដោយឥតគិតថ្លៃជាមួយប្រទេសជិតខាងមីយ៉ាន់ម៉ាផងដែរ។
យន្តការនេះអនុញ្ញាតឱ្យប្រជាជនដែលរស់នៅសងខាងនៃព្រំដែនអាចធ្វើដំណើរបាន 16 គីឡូម៉ែត្រចូលទៅក្នុងទឹកដីរបស់គ្នាទៅវិញទៅមកដោយមិនចាំបាច់មានទិដ្ឋាការ។ ប្រទេសឥណ្ឌានិងមីយ៉ាន់ម៉ាមានព្រំដែនជាប់គ្នាប្រវែង 1,643 គីឡូម៉ែត្រ តាមបណ្តោយរដ្ឋភាគឦសានគឺរដ្ឋ Manipur, Mizoram, Nagaland និង Arunachal Pradesh ដែលមានត្រឹមតែ 10 គីឡូម៉ែត្រនៃព្រំដែនក្នុង Manipur ត្រូវបានហ៊ុមព័ទ្ធ។
សេចក្តីថ្លែងការណ៍របស់ឥណ្ឌាបានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទាហានមីយ៉ាន់ម៉ាមួយចំនួនធំបានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាដើម្បីគេចចេញពីជម្លោះជនជាតិភាគតិច។ ក្នុងរយៈពេល 3 ខែកន្លងមកនេះ ទាហានរដ្ឋាភិបាលមីយ៉ាន់ម៉ាប្រហែល 600 នាក់បានឆ្លងព្រំដែនចូលទៅក្នុងប្រទេសឥណ្ឌា ហើយបានរស់នៅក្នុងតំបន់ Lawngtlai នៃរដ្ឋ Mizoram បន្ទាប់ពីខ្មាន់កាំភ្លើងនៃក្រុមប្រដាប់អាវុធ Arakan Army (AA) ដណ្តើមបានខេត្តមូលដ្ឋានក្នុងរដ្ឋរ៉ាឃីន ភាគខាងលិចប្រទេសមីយ៉ាន់ម៉ា៕ ដោយ៖ ធីរីណា
រូបថត៖ VOV.VN