ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តភ្លៅ៥ផ្ទុកផលអនុផលព្រៃឈើ១គ្រឿង ត្រូវបានបង្រ្កាប នៅលើកំណាត់ផ្លូវជាតិលេខ៥៥

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ ប្រជាពលរដ្ឋភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ រាយការណ៍ថា ព្រឹកថ្ងៃអាទិត្យ ១១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានសមត្ថកិច្ចមួយក្រុមបានឃាត់រថយន្តធុនធំ១គ្រឿង ពេលឆែកឆេរឃើញសុទ្ធឈើពេញរថយន្ត រួមទាំងឃាត់ខ្លួនតៃកុងម្នាក់ផងដែរ ដើម្បីនាំយកទៅបន្តនីតិវិធី ។

 ប្រភពរាយការណ៍ឲ្យដឹងទៀតថា ករណីសមត្ថកិច្ចសហការគ្នាបង្រ្កាបរថយន្តធុនធំដឹកផលអនុផលខាងលើ ធ្វើឡើងនៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតនៅភូមិព្រែក៣ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

 ប្រភពដដែលឲ្យដឹងទៀតថា រថយន្តត្រូវបានបង្រ្កាបម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ឆ្នូតខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 3A 6371 ប្រភេទយីឌុប(ភ្លៅ៥)ចំណែកអ្នកបើកបរឈ្មោះ ប៊ូ សុខរ៉ាទី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន មានទីលំនៅ ភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ 

 ប្រភពបញ្ជាក់ទៀតថា ផលអនុផលព្រៃឈើគឺប្រភេទ(ឈើក្រាក់)ចំរុះ(អុស)មានចំនួន៤៨.០៧០ស្ទ៊ែរ ។បច្ចុប្បន្ន វត្ថុតាង រថយន្តរួមទាំង(ឈើក្រាក់)តៃកុង រក្សានៅផ្នែករដ្ឋបាលព្រៃឈើក្រវាញ រង់ចាំបន្តនីតិវិធី ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖