ព័ត៌មានទាន់ហេតុការណ៍៖

ACU៖​ ក្រសួងព័ត៌មាន និងខេត្តសៀមរាប បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុល តាមរបប ០២ឆ្នាំ ឆ្នាំ២០២៤

ចែករំលែក៖

ភ្នំពេញ​៖​ ក្រុមការងារនាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នាព្រឹកថ្ងៃទី២២ ខែមករា​ ឆ្នាំ​២០២៤នេះ បានឱ្យដឹងថា​ក្រសួងព័ត៌មាន និង ខេត្តសៀមរាប បានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលទាំងស្រុង ១០០%។ នេះបេី​យោង​តាម​ប្រភពព័ត៌មាន​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ ហៅកាត់​ថា​ ACU​។ 

អង្គភាព​ACU​ បានឱ្យដឹងទៀតថា​ សម្រាប់វឌ្ឍនភាព គិតត្រឹមដើមសប្ដាហ៍ទី៤ នេះ ការមកប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅទូទាំងប្រទេស ដែលបានបញ្ចប់ការប្រកាស ១០០% មានក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត សរុបចំនួន ៣៣។ តាមតុល្យការក្នុងដើមសប្ដាហ៍ទី៤ នេះ ឃើញថា ការបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលមានកំណើន ២៣ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត ដោយធៀបនឹងសប្ដាហ៍ទី១ គឺមានតែ១០ ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត តែប៉ុណ្ណោះ ដែលបានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួន ១០០%។ 

បន្ថែមពីនេះ​ ក្រុមការងារនាយកដ្ឋាន​ប្រកាសទ្រព្យសម្បត្តិ និងបំណុល បានទទួលទិន្នន័យជាបឋម គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ បានចំនួន ៩៤.៦៦% នៃចំនួនបុគ្គលត្រូវប្រកាសទ្រព្យសម្បត្តិ និងបំណុល សរុបចំនួន ១៨,២៧៩ រូប៕

ដោយ​៖ តារា​


ចែករំលែក៖