ព័ត៌មានទាន់ហេតុការណ៍៖

អគ្គនាយកស៊ីម៉ាក់​ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីតំបន់អាហ្រិ្វកចំនួន​ ៥ប្រទេស​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌល សកម្ម ភាពកម្ចាត់មីនកម្ពុជា(CMAC)​ នៅថ្ងៃចន្ទទី២២ ខែមករា ឆ្នាំ២០២៤ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូមកពីតំបន់អាហ្រិ្វកចំនួន៥ប្រទេស​ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ។ 

លោក​អគ្គនាយកស៊ីម៉ាក់​ បានថ្លែង​ថា​ គណៈប្រតិភូមកពីតំបន់អាហ្រិ្វកចំនួន​ ៥ប្រទេស​ដែលមានថ្នាក់ដឹកនាំចំនួន០៥រូបរួមមាន៖

១.​ លោក Mike Rashid Fulla Obaldo អគ្គនាយកអាជ្ញាធរជាតិសកម្មភាពមីន នៃប្រទេសស៊ូដង់ខាងត្បូង  

២.​ លោក Dahir Abdirahman Abdull អគ្គនាយកអាជ្ញាធរគ្រប់គ្រងសំណល់ជាតិផ្ទុះ នៃប្រទេសសូម៉ាលី 

៣.​ ឧត្តមសេនីយ៍ត្រី Tadesse Amelo ប្រធានការិយាល័យសកម្មភាពមីន នៃប្រទេសអេត្យូពី ៤.​ លោក Khalifa M. Lawan ប្រធាន និងជាលេខាធិការមូនិធិអប់រំសិក្សាធិការ នៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា និង

៥.​ លោក Zarami Musa Muhammad នាយកប្រតិបត្តិ កិច្ចការមនុស្សធម៌ នៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិភាគឦសាន នៃប្រទេសនីហ្សេរីយ៉ា។ 

គណប្រតិភូនេះ​ ដឹកនាំដោយលោកស្រី Eric Komukai ទីប្រឹក្សាជាន់ខ្ពស់តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ (JICA) ប្រចាំទីក្រុងតូក្យូ ដើម្បីចូលរួមសិក្ខាសាលារួមគ្នាមួយស្តីពី “ភាពជាម្ចាស់ដ៏រឹងមាំនៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” រៀបចំឡើងដោយអង្គភាពស៊ីម៉ាក់សហការជាមួយJICA។ 

ក្នុងជំនួបនេះដែរ អគ្គនាយកស៊ីម៉ាក់​ បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងារស្នូលរបស់អង្គភាពCMAC រចនាសម្ព័ន្ធក្នុងភាពជាម្ចាស់ និងដៃគូក្នុងវិស័យសកម្មភាពមីន ការបោសសម្អាតគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្ពុជា ជាពិសេសគឺការបណ្តុះបណ្តាលលើវិស័យសកម្មភាពមីនជូនដល់ប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនោះក៏មានប្រទេសនៅតំបន់អាហ្វ្រិកផងដែរ។​ ជាការឆ្លើបតបគណៈប្រតិភូអាជ្ញាធរជាតិនៃតំណាងប្រទេសនីមួយៗបានសម្តែងនូវភាពរីករាយ និងបានទទួលស្គាល់ ព្រមទាំងស្ងើចសរសើរ និងចាប់អារម្មណ៍ជាខ្លាំង ចំពោះសមត្ថភាព ភាពខ្លាំង និងជោគជ័យរបស់អង្គភាពCMACកន្លងមក ជាពិសេសការកសាងសមត្ថភាពរបស់អង្គភាពស៊ីម៉ាក់ក្នុងនាមជាស្ថាប័នជាតិ ការកសាងភាពជាម្ចាស់ និងការចែករំលែកបទពិសោធន៍ ជាមួយបណ្តាប្រទេសផ្សេងៗ ក្នុងវិស័យសកម្មភាពមីនជាពិសេសប្រទេសដែលរងផលប៉ះពាល់ដោយសង្រ្គាមផងដែ។​ នៅក្នុងជំនួបពិភាក្សាការងារនេះលោកស្រី Eric Komukai បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គភាពCMAC ដែលបានគាំទ្រគម្រោងនានារបស់ JICA នៅក្នុងប្រទេសកម្ពុជា ជាពិសេសបានចែករំលែកបទពិសោធន៍ ជំនាញ និងការហ្វឹកហ្វឺនវិស័យសកម្មភាពមីន ដល់បណ្តាប្រទេសដ៍ទៃទៀតដែលរងផលប៉ះពាល់ដោយសារសំណល់យុទ្ធសង្រ្គាម។

សូមជម្រាថា អង្គភាពស៊ីម៉ាក់ សហការជាមួយJICA នឹងរៀបចំសិក្ខាសាលាស្តីពី “ភាពជាម្ចាស់ដ៏រឹងមាំ នៃស្ថាប័នជាតិសម្រាប់កិច្ចប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងវិស័យសកម្មភាពមីន” ជូនដល់ថ្នាក់ដកឹនាំមកពីតំបន់អាហ្រិកដែលមាន៤ប្រទេសខាងលើចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ៕

ដោយ​៖ តារា​


ចែករំលែក៖