ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកស្អែក ថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ នឹងអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរ “ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ២៤ មករា ១៩៩៩ – ២៤ មករា ២០២៤” ។
សូមជម្រាបជូនថា នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃ កងទ័ពជើងគោក បានប្រឹងប្រែងព្យាយាមជម្នះរាល់ឧបសគ្គនាពេលកន្លងទៅ ក្នុងការបំពេញភារកិច្ចស្នូល ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី បានពង្រឹងភាពម្ចាស់ការក្នុងស្មារតីស្នេហាជាតិ ឆន្ទៈមោះមុត ចំពោះកិច្ចការពារជាតិ ពង្រឹងប្រៀបការពារជាតិ ពង្រឹងសន្តិសុខ ចូលរួមជំរុញការអភិវឌ្ឍ និងកសាង តំបន់ប្រវត្តិសាស្ត្រយោធានៅតាមបណ្តោយព្រំដែន ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺ «មិនឈ្លានពានគេ ហើយក៏មិនអនុញ្ញាត ឱ្យបាត់បង់ទឹកដីសូម្បី១មីលីម៉ែត្រ» និង «កសាងតំបន់ព្រំដែន ជាព្រំដែនសន្តិភាព មិត្តភាព កិច្ចសហ ប្រតិបត្តិការ និងការអភិវឌ្ឍ»។
កងទ័ពជើងគោកក៏បានអនុវត្តយ៉ាងសកម្មរាល់បទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ បង្ក្រាបសកម្មភាពខុសច្បាប់នានា ដូចជា បទល្មើសព្រៃឈើ ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន ទប់ស្កាត់រាល់វិទ្ធង្សនា បដិវត្តន៍ពណ៌ អំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ដែលមានបំណងបង្កអស្ថិរភាព នយោបាយ-សង្គម បំផ្លិចបំផ្លាញសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ហើយក៏បានរួមចំណែកក្នុងការងារ មនុស្សធម៌ ដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ជួយសង្គ្រោះប្រជាជនពីគ្រោះមហន្តរាយនានា ក្នុងនោះកងទ័ព ជើងគោក បានដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នៅកម្ពុជា។ ទន្ទឹមនឹងនោះ កងទ័ពជើងគោកក៏បានសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈការពារសន្តិសុខក្នុងពិធីបុណ្យជាតិ-អន្តរជាតិនានា ការពារឥស្សរជន ថ្នាក់ដឹកនាំកំពូលរបស់ជាតិ និង គណៈប្រតិភូជាន់ខ្ពស់ប្រទេសជាមិត្តមកបំពេញទស្សនកិច្ចនៅកម្ពុជា។
កងទ័ពជើងគោក បានពង្រឹងការងារហ្វឹកហ្វឺន កសាងហេដ្ឋារចនាសម្ព័ន្ធ ឧបទេសសិក្សាតាម ប្រព័ន្ធបច្ចេកវិទ្យាទំនើប ដោយបានរៀបចំកសាងសាលាជំនាញ និងទីលានបាញ់គ្រាប់ពិត ដោយកំណត់ ការហ្វឹកហ្វឺនបណ្តុះបណ្តាលក្នុងប្រទេស ជាយុទ្ធសាស្ត្រនៃការកសាងធនធានមនុស្ស។ លើសពីនេះ កងទ័ពជើងគោកបានខិតខំពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាប្រទេសនានា ហើយក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ បានបង្កើនកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក ជាមួយ បណ្តាប្រទេសមួយចំនួនក្នុងតំបន់និងសកលលោក តាមរយៈការចុះអនុស្សារណៈយោគយល់ និងលក្ខខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ។
សមិទ្ធផលនានាដែលកងទ័ពជើងគោកសម្រេចបាន អាស្រ័យដោយការខិតខំប្រឹងប្រែង ពុំខ្លាច នឿយហត់ ការធ្វើពលិកម្មគ្រប់បែបយ៉ាង គោរពបទបញ្ជា មានភក្ដីភាព សាមគ្គីភាព សមត្ថភាព ឯកភាព ផ្ទៃក្នុង និងភាពឈ្លាសវៃក្នុងការដឹកនាំអង្គភាព និងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ដែលធ្វើឱ្យកងទ័ពជើងគោក មានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈបំផុត៕
ដោយ៖ តារា