ព័ត៌មានទាន់ហេតុការណ៍៖

ស្នងការខេត្តតាកែវ​ កោះអញ្ជើញនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម មកធ្វើការសាកសួរបំភ្លឺ និងធ្វើកិច្ចសន្យាតាមបទបញ្ជាផ្ទៃក្នុងអង្គភាព ពាក់ព័ន្ធ​បើកបរម៉ូតូ មិនពាក់មួកសុវត្ថិភាពល្មើសច្បាប់ចរាចរណ៍

ចែករំលែក៖

ភ្នំពេញ​ ៖​ យោងតាមការចុះផ្សាយរបស់ផេកស្នងការដ្ឋាននគរបាលខេត្តតាកែវ​ នាថ្ងៃទី២៣​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានបញ្ចាក់យ៉ាងដូច្នេះថា​ ៖​ សេចក្តីបំភ្លឺព័ត៌មានក្រុមការងារ តាមដានព័ត៌មាននិង ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានកិត្តិយស សូមជម្រាបជូនសារធារណៈជន អំពីការចុះផ្សាយលើបណ្តាញសង្គម របស់សារព័ត៌មាន  post khmer asia  លើករណីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម  បើកបរម៉ូតូ  មិនពាក់មួកសុវត្ថិភាពល្មើសច្បាប់ចរាចរណ៍  បណ្តាលឱ្យមានការរិះគន់លើបណ្តាញសង្គមហ្វេសប៊ុក។

បន្ទាប់ពីទទួលបានព័ត៌មាន លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តតាកែវ  បានបញ្ជាឱ្យលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់  កោះអញ្ជើញលោកវរសេនីយ៍ត្រី ទេព  ឬទ្ធី  នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គតាសោម  មកធ្វើការសាកសួរបំភ្លឺ  និងធ្វើកិច្ចសន្យាតាមបទបញ្ជាផ្ទៃក្នុងអង្គភាព  ព្រមទាំងពិន័យទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានចែងក្នុងអនុក្រឹត្យ៣៩ អនក្រ.បក មាត្រាទី៦ថ្មី ចំណុច(ក) ត្រូវពិន័យចំនួន៦០.០០០រៀល ចំពោះអ្នកបើកបរទោចក្រយានយន្ត និងអ្នករួមដំណើរ ព្រមទាំងកុមារដែលមានអាយុពី៣(បី)ឆ្នាំឡើងទៅមិនពាក់មួកសុវត្ថិភាព ឬពាក់មួកសុវត្ថិភាពមិនត្រឹមត្រូវតាមស្តង់ដារជាតិ ឬពាក់មួកសុវត្ថិភាពដោយមិនដាក់គន្លឹះខ្សែសុវត្ថិភាព​ ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖